រដ្ឋមន្រ្តីក្រសួងកសិកម្មបានឱ្យដឹងថា ផលត្រីទឹកសាបឆ្នាំនេះធ្លាក់ចុះជាងឆ្នាំមុន ១៣% គឺដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គស្ថិតក្នុងកម្រិតទាប និងយឺតប៉ុន្តែការចិញ្ចឹមមានសន្ទុះកើនឡើងច្រើនដើម្បីតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ។ ក្នុងឱកាស ចុះពិនិត្យសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីកំពុងមមាញឹកសស្រាក់សស្រាំទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរទុកជាស្បៀងប្រចាំឆ្នាំនៅគន្លងដាយត្រីលេខ ១៣ ១៤ និង ១៥ ស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បើគិតជាផលចាប់ត្រីទឹកសាបធម្មជាតិសរុបក្នុងឆ្នាំនេះ អាចមានកម្រិតទាបជាងឆ្នាំកន្លងមកប្រមាណ ១៣% ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គស្ថិតក្នុងកម្រិតទាបហើយបានអូសបន្លាយជាងមួយខែ។
ឯកឧត្តមបានបន្ថែមថា តែទោះបីជាថមថយបន្តិចក្តីក៏ប្រជាជនមានលទ្ធភាពនឹងធ្វើត្រីប្រហុកបាន។ និយាយរួម ទីតាំងដែលយើងប្រមូលផលត្រីនៅទីតាំងដាយលេខ ១៥ គឺឃើញថាតម្លៃបានចុះទៅដល់ ៣០០០រៀល ក្នុងមួយគីឡូក្រាមដូច្នេះអ្នកទិញបន្តយកទៅលក់ក្រៅផ្សេងវាអាចនៅកម្រិត ៤០០០រៀល ឬ ៣៥០០រៀល។

ឯកឧត្តមបានបន្តទៀតថា កម្រិតកម្ពស់ទឹកនៅទីតាំងដាយត្រីនាពេលបច្ចុប្បន្ននេះមានកម្ពស់ខ្ពស់ជាងឆ្នាំ ២០១៩ ប្រវែងមួយម៉ែត្រនៅឡើយហើយល្បឿននៃទឹកហូរវិញ ក៏មានសភាពហូរខ្លាំងល្អដែលជាក្តីសង្ឃឹមថា នៅខ្នើតក្រោយអាចមានត្រីបន្តចេញពីទន្លេសាបបន្តទៀត។ ឯកឧត្តមបញ្ជាក់ថា ក្រសួងនឹងបន្តជំរុញឱ្យប្រជាកសិករចិញ្ចឹមត្រីឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ។

លោក មុត សាវន ម្ចាស់ដាយត្រីលេខ ១៣ បានឱ្យដឹងថា ក្នុងរយៈពេល ១ម៉ោង លើកម្តងៗបានប្រមាណចាប់ពី ៥០០គីឡូក្រាម ដល់ទៅ ១តោន ដោយតម្លៃវិញក្នុងមួយគីឡូក្រាមតម្លៃ ៣០០០រៀល គឺខ្ពស់ជាងឆ្នាំមុនបន្តិច។ លោកបញ្ជាក់ថា ប្រជាកសិករបានចុះមកធ្វើត្រីប្រហុក ផ្អក ត្រីឆ្អើច្រើនដូចឆ្នំាមុនៗ ទោះបីត្រីពុំត្រូវច្រើនដូចឆ្នាំកន្លងទៅក្តី ប៉ុន្តែមិនខ្វះត្រីសម្រាប់ប្រជាកសិករធ្វើឡើយ។

មន្ត្រីរដ្ឋបាលជលផលបានឱ្យដឹងថា ការព្យាករណ៍ផលចាប់ត្រីសរុបតាមដាយត្រីសម្រាប់ឆ្នាំនេះ អាចទាបជាងឆ្នាំ ២០១៩ ប្រហែលជា ១៣% ពោលគឺពី ១៤,៣២០តោន មកនៅត្រឹម ៩,៩០០តោន។ ចំពោះផលនេសាទក្នុងដែននេសាទនាឆ្នាំ ២០១៩ មានចំនួន ៣២៦,៥០០តោន ហើយឆ្នាំ ២០២០ មានចំនួន ២៦៨,០០០តោន៕

ប្រភព៖ ក្រសួងព័ត៌មាន


