ជំងឺកូវីដ-១៩ បំផ្លាញការងាររបស់ប្រជាជនជប៉ុនជិត ៨០,០០០នាក់
សេដ្ឋកិច្ច December 23, 2020 Chan Sreyny

យោងតាមក្រសួងការងាររបស់ប្រទេសជប៉ុនបានឱ្យដឹងថា មនុស្សជិត ៨០,០០០ នាក់នៅក្នុងប្រទេសបានបាត់បង់ ឬជិតបាត់បង់ការងារដោយសារជំងឺរាតត្បាត Covid-19 ។ ក្រសួងបាន និងកំពុងពិនិត្យករណីកម្មករដែលត្រូវបានបញ្ឈប់ពីការងារ ឬមិនបានបន្តកុងត្រាថ្មីព្រោះថៅកែរបស់ពួកគេកំពុងជួបការលំបាកក្នុងការធ្វើអាជីវកម្មតទៅមុខទៀត។ ក្រុមមន្រ្តីបានរកឃើញថា មនុស្សចំនួន ៧៨,១៥៣ នាក់បានប្រឈមមុខ ឬជិតប្រឈមមុខនឹងភាពអត់ការងារធ្វើនៅចន្លោះខែមករា ដល់ថ្ងៃទី ២១ ខែធ្នូ។

ពួកគេជឿជាក់ថា តួលេខជាក់ស្តែងទំនងជាខ្ពស់ជាងនេះព្រោះចំនួននេះរាប់បញ្ចូលតែករណីដែលគេដឹងបីការិយាល័យការងារក្នុងតំបន់ និងការិយាល័យការងារសាធារណៈប៉ុណ្ណោះ។ យោងតាមទិន្នន័យកាលពីថ្ងៃសុក្រ សប្តាហ៍មុនបានបង្ហាញថា វិស័យផលិតកម្មត្រូវបានទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយមានការងារចំនួន ១៥,៦៧២ ត្រូវបានបាត់បង់។ ហាងស្រា និងភោជនីយដ្ឋានមានកម្មករចំនួន ១០,៩៣៥ នាក់បានបាត់បង់ការងារ។

នៅក្នុងផ្នែកលក់រាយមនុស្សចំនួន ១០,៣៨៤ នាក់ត្រូវបានបញ្ឈប់ ខណៈពេលដែលបុគ្គលិកសណ្ឋាគារចំនួន ៩,៦០៥ នាក់ និងកម្មករចំនួន ៥,០៨៤ នាក់នៅតាមទីភ្នាក់ងារបណ្ដោះអាសន្នក៏បានបាត់បង់ការងារផងដែរ។ ចំនួនអ្នកធ្វើការមិនទៀងទាត់រួមទាំងអ្នកកំណត់ពេលវេលា ដែលប្រឈមនឹងភាពអត់ការងារធ្វើដោយសារជំងឺរាតត្បាតនៅចន្លោះថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ១៨ ខែធ្នូរ មានចំនួន ៣៧,៤៦០ នាក់។

គួរឱ្យដឹងផងដែរថា ក្រសួងការងារជប៉ុនកំពុងជំរុញឱ្យអាជីវកម្មប្រើកម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាលដើម្បីរក្សានិយោជិក។ រដ្ឋាភិបាល ក៏កំពុងផ្តល់ការគាំទ្រដើម្បីជួយអ្នកអត់ការងារធ្វើឱ្យរកការងារថ្មីផងដែរ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk