ដើម្បីលើកកម្ពស់ការអភិរក្សកេសរកូលព្រៃ (អរគីដេ) និងបង្កើតសក្តានុពលទេសចរណ៍នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើតសួនកេសរកូលព្រៃ និងរចនាសម្ព័ន្ធចម្រុះលើផ្ទៃដី ២០២០ហិកតា នៅជើងភ្នំគូលែនក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា នៅទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវនេះនឹងបែងចែកជាតំបន់សំខាន់ៗក្នុងការគ្រប់គ្រង។
លោកជំទាវអនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា « យើងនឹងបង្កើតជាសួនផ្សេងៗដូចជា៖ សួនកេសរកូលព្រៃ សួនកេសរកូលបង្កាត់ សួនមេអំបៅ សួនបន្លែធម្មជាតិ សួនឱសថបុរាណ សួនប្រទាល និងសួនពូជរុក្ខជាតិសំខាន់ៗដែលមានក្នុងប្រទេសកម្ពុជា។ សម្រាប់រចនាសម្ព័ន្ធទី២ នឹងរៀបចំអគារផ្តល់ព័ត៌មាន អគារសម្រាប់ផ្សព្វផ្សាយអគាររដ្ឋបាល និងរចនាសម្ព័ន្ធទី៣នឹងរៀបចំកន្លែងសម្រាប់កម្សាន្តមើលកេសរកូល និងសិក្សាស្រាវជ្រាវជាដើម »។

លោកជំទាវ អនុរដ្ឋលេខធិការក៏បានបញ្ជាក់បន្ថែមថា ក្រៅពីមានសួនច្បារគេនឹងរៀបចំកន្លែងសម្រាប់ដើរកម្សាន្តក្នុងព្រៃ កន្លែងបោះតង់ និងកន្លែងមើលថ្ងៃលិចថ្ងៃរះ កន្លែងហាងកាហ្វេ។ ពិសេសជាងនេះ នៅថ្ងៃខាងមុខនឹងមានរៀបចំជាស្ពានកញ្ចក់សម្រាប់ទស្សនាមើលកេសរកូលថែមទៀត។

ជាមួយគ្នានេះដែរ លោកជំទាវបានឱ្យដឹងបន្ថែមថា ក្រុមការងារជំនាញបានកំណត់អត្តសញ្ញាណពូជកេសរកូលព្រៃចំនួន ១៧០ប្រភេទ ក្នុងចំណោមពូជកេសរកូលព្រៃដែលត្រូវបានគេប៉ាន់ប្រមាណថា មានចន្លោះពី ៥០០ ទៅ ៧០០ប្រភេទ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

លោក អ៊ុក សាកុល អ្នកគ្រប់គ្រងក្រុមហ៊ុនសូម៉ាហ្វាមដែលបានសហការជួយដល់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនបានបង្ហាញពីកិច្ចសហការរួមមានបច្ចេកទេស ការតប្រព័ន្ធទឹក បង្កាត់ពូជ ការដាំដុះ និងការថែទាំងជាដើមសំដៅធ្វើយ៉ាងណាឱ្យមជ្ឈមណ្ឌលមួយនេះមានការរីកចម្រើនលូតលាស់ទៅមុខ។

លោកថា សព្វថ្ងៃក្រុមហ៊ុនសូម៉ាហ្វាមបានទិញផ្កាពីបរទេសមកបង្កាត់ពូជលក់ និងមានអ្នកឯកទេសបង្កាត់ពូជនិងដាំផ្កាកេសរកូល ហើយពេលនេះកំពុងសហការចូលរួមបង្កាត់ពូជផ្កាកេសរកូលកម្ពុជា។ អ្នកគ្រប់គ្រងក្រុមហ៊ុនសូម៉ាហ្វាមរូបនេះសង្ឃឹមថា នៅថ្ងៃខាងមុខក្រុមហ៊ុនលោកនឹងទិញកេសរកូលកម្ពុជាដើម្បីចែកចាយលក់បន្តវិញ។

បើតាមឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែននេះបង្កើតឡើងដើម្បីរំឭកពីគុណបំណាច់ដ៏ថ្លៃថ្លារបស់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុកសាងជាតិមាតុភូមិការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងលើកតម្កើងវិស័យទេសចរណ៍កម្ពុជា។

ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនេះ នឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗជាច្រើនដូចជា៖ រក្សា និងស្ដារពូជកេសរកូលព្រៃក្នុងស្រុក ប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើសារពើភ័ណ្ឌសម្រាប់សិក្សាស្រាវជ្រាវ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្តពីកេសរកូលព្រៃសម្រាប់មនុស្សជំនាន់ក្រោយ និងសួនកម្សាន្តជាដើម៕
ប្រភព៖ ក្រសួងព័ត៌មាន


