កូរ៉េខាងត្បូង នឹងបិទរមណីយដ្ឋានជិះស្គី និងកន្លែងទាក់ទាញភ្ញៀវទេសចរដទៃទៀតក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យណូអែល និងចូលឆ្នាំថ្មីដោយសារតែប្រទេសនេះមានការកើនឡើងកាន់តែខ្លាំងនៃករណីឆ្លងជំងឺ Covid-19 ។ ចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េ បានកើនឡើងវិញពីចំនួនតិចជាង ១០០ ករណីកាលពីដើមខែមុនដល់កម្រិតខ្ពស់បំផុតគឺ ១,០៩៧ ករណីកាលពីថ្ងៃសៅរ៍។
នាយករដ្ឋមន្រ្តីកៅរ៉េខាងត្បូងលោក Chung Sye-kyun បានប្រកាសនៅថ្ងៃអង្គារនេះថា វិធានការណ៍ពិសេសនឹងត្រូវអនុវត្តចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី ៣ ខែមករា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។ លោក Chung បាននិយាយថា ទីតាំងដែលត្រូវបិទរួមមានរមណីយដ្ឋានជិះស្គីចំនួន ១៧៩ កន្លែងកន្លែងជិះស្គី និងកន្លែងផ្សេងៗទៀតក៏ដូចជាឧទ្យានជាតិ និងទីតាំងដ៏ពេញនិយមដែលត្រូវមើលថ្ងៃរះដំបូងនៃឆ្នាំនេះ។

លោកនាយករដ្ឋមន្រ្តី ក៏បានប្រកាសបម្រាមទូទាំងប្រទេសចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅលើការជួបជុំឯកជនដែលមានមនុស្ស ៥ នាក់ ឬច្រើនជាងនេះ។ ការផ្លាស់ប្តូរនេះ គឺជាការពង្រីកវិធានការណ៍ដែលត្រូវបានអនុវត្តចាប់ពីថ្ងៃពុធ នៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញរដ្ឋធានី។

គួរឱ្យដឹងផងដែរថា នៅក្នុងពន្ធនាគារមួយនៅសេអ៊ូលបានរាយការណ៍ថាមានការឆ្លងជិត ២០០ នាក់ក្នុងចំណោមអ្នកទោស និងបុគ្គលិក៕

អត្ថបទ៖ នីតា
ប្រភព៖ nhk


