យោងតាមការចុះផ្សាយរបស់ BBC គិតមកទល់ថ្ងៃនេះ មានប្រទេសជាង ៤០ បានផ្អាកជើងហោះហើរជាមួយចក្រភពអង់គ្លេស ដោយសារតែការព្រួយបារម្ភពីការរីករាលដាលនៃវីរុស Covid-19 ទម្រង់ថ្មី។ ប្រភពដដែលបានឲ្យដឹងថា ជើងហោះហើរពីចក្រភពអង់គ្លេសកំពុងត្រូវបានផ្អាកទៅកាន់ទឹកដីនៅទូទាំងពិភពលោកក្នុងនោះរួមមាន អេស្ប៉ាញ ឥណ្ឌា និងហុងកុង ខណៈប្រទេសបារាំងបានបិទព្រំដែនរបស់ខ្លួនជាមួយចក្រភពអង់គ្លេសរយៈពេល ៤៨ម៉ោង ដោយមិនអនុញ្ញាតឲ្យឡានដឹកទំនិញ ឬ ទូកអាចចូលចត ឬ ចាកចេញពីកំពង់ផែបានឡើយ។
ជាមួយគ្នានេះដែរ ប្រទេសជាង ៤០ ដែលបានផ្អាកការហោះហើរជាមួយចក្រភពអង់គ្លេសរួមមាន បែលហ្ស៊ិក កាណាដា អាល្លឺម៉ង់ អៀរឡង់ អ៉ីតាលី ព័រទុយហ្គាល់ រូម៉ានី រុស្ស៊ី និងស្វីសជាដើម ដោយក្នុងចំណោមជាង ៤០ប្រទេសនោះ មួយចំនួនបានដាក់បម្រាមរួចរាល់ និងមួយចំនួនទៀតនឹងដាក់ចូលជាធរមាននៅថ្ងៃអង្គារនេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បើតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន និងក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស វីរុស COVID-19 ប្រភេទថ្មីមួយ ត្រូវបានរកឃើញថា មានវត្តមាននៅចក្រភពអង់គ្លេស ហើយមានសមត្ថភាពឆ្លងរាលដាលលឿនជាងវីរុស COVID-19 ធម្មតារហូតដល់៧០% ប៉ុន្តែមិនត្រូវបានសន្និដ្ឋានថា សាហាវជាងធម្មតានោះឡើយ ហើយវ៉ាក់សាំងគួរតែនៅមានប្រសិទ្ធិភាពប្រឆាំងទប់ទល់ជាមួយវា៕

អត្ថបទ៖ លីនី
ប្រភព៖ bbc


