បន្ទាប់ពីរងការបែកបាក់លិចកប់ក្នុងបាតស្រះជាច្រើនរយឆ្នាំ ប្រាសាទមួយនេះត្រូវបានជួសជុលឡើងវិញបានជាង ៩០% ហើយ
ទេសចរណ៍ December 22, 2020 Chan Sreyny

ក្រុមអ្នកជំនាញអាជ្ញាធរអប្សរា ខិតខំជួសជុលប្រាសាទកណ្តាលស្រះស្រង់ឱ្យហើយតាមផែនការនាបំណាច់ឆ្នាំ ២០២០ នេះដើម្បីអាចឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានឃើញពីទម្រង់ប្រាសាទពិតប្រាកដ បន្ទាប់ពីបានកប់ក្នុងបាតស្រះជាច្រើនរយឆ្នាំមកនោះ។ ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងរៀបបន្តុបដុំថ្មប្រាសាទនៅកណ្តាលស្រះស្រង់ឡើងវិញ ដែលមកដល់ពេលនេះសម្រេចបានជាង ៩០% ហើយ ខណៈដែលក្រុមការងារសន្យានឹងបញ្ចប់គម្រោងជួសជុលនៅដំណាច់ឆ្នាំ ២០២០នេះ។

កញ្ញា ម៉េង សុវណ្ណលីលីន បុគ្គលិកបច្ចេកទេសនៃគម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់មកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០នេះថា រូបរាងប្រាសាទកណ្តាលស្រះស្រង់មានរាងដូចជាចេតិយសង់នៅលើខឿនថ្មបាយក្រៀម និងលាយថ្មភក់ចំនួន ៨រួត ហើយនេះគឺជាសំណង់មួយដែលមានលក្ខណៈប្លែកគេនៅក្នុងតំបន់អង្គរ។

កញ្ញាបន្តថា រហូតមកដល់ពេលនេះក្រុមការងារកំពុងរៀបថ្មភក់ដល់ពាក់កណ្តាលរួតទី៧ ហើយពោលគឺសម្រេចបានលទ្ធផលប្រមាណ ៩០% ហើយ។ យើងជួសជុលតាំងពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ មកដល់ឥឡូវប្រហែល ៩ ខែហើយឥឡូវនៅតែការងារចុងក្រោយទេបានប្រហែល ៨៥%​ ទៅ ៩០% ជិត ចប់ហើយ ដោយសារឥឡូវនេះថ្មប្រាសាទទាំងអស់មាន ៨រួត តែយើងកំពុងជួសជុលដល់ពាក់កណ្តាលរួតទី៧ ហើយអ៊ីចឹងនៅតែពាក់កណ្តាលរួតទី៧ និងទី៨ យើងគិតថាវាអាចចប់នៅចុងឆ្នាំ ឬទៅដល់ខែមករា ឆ្នាំ ២០២១។

កញ្ញាបញ្ជាក់ថា ការជួសជុលប្រាសាទកណ្តាលស្រះស្រង់នេះគឺដើម្បីថែរក្សាមរតកវប្បធម៌ជាតិ ការលើកតម្លៃប្រវត្តិសាស្រ្ត សំណង់ប្រាសាទ និងទេសភាពវប្បធម៌នៃស្រះស្រង់ឡើងវិញ ដើម្បីទុកឱ្យកូន ចៅជំនាន់ក្រោយបានយល់ដឹងនិងស្គាល់ពីស្នាដៃបុព្វបុរសខ្មែរពីជំនាន់មុនបន្សល់ទុកមក។

សូមបញ្ជាក់ថា ប្រាសាទកណ្តាលស្រះស្រង់ស្ថិតក្នុងរមណីយដ្ឋានអង្គរ ត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី១០ និងមានការកែសម្រួលបន្ថែមនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ។ ប៉ុន្តែដោយសារកត្តាធម្មជាតិធ្វើឱ្យប្រាសាទនេះ រងការបាក់បែកជាខ្លាំងលិចកប់ទៅក្នុងទឹកជាច្រើនរយឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន