រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូនៅលើផ្លូវទាំង៣៤ខ្សែ សម្រេចបានជាង ១៤ភាគរយហើយៗគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប។
ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហុន បានមានប្រសាសន៍ឱ្យដឹងថា ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងខេត្តព្រះសីហនុមកដល់ពេលនេះស្ទើរតែជិតរួចរាល់ហើយ ដោយការចាក់បេតុងបានរួចរាល់ ១០០ភាគរយ នៅតែការងារអ៊ុតកៅស៊ូ ដែលចាប់ផ្តើមកាលពីថ្ងៃទី០២ ខែធ្នូ មកដល់ពេលនេះសម្រេចបានជាង១៤ ភាគរយហើយ ។
ឯកឧត្តមបានណែនាំក្រុមការងារអ៊ុតបេទីម ត្រូវយកចិត្តទុកដាក់អនុវត្តតាមស្តង់ដារ ឱ្យមានគុណភាពល្អ និងសោភ័ណភាព ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ។ ឯកឧត្តមបានបញ្ជាក់ថា កម្រាស់ កម្ដៅ កំហាប់ គុណភាព សោភ័ណភាព ជាការទទួលខុសត្រូវដាច់ខាតរបស់ក្រុមហ៊ុនដែលទទួលការអ៊ុតបេទីម ក្រោមការត្រួតពិនិត្យជាប្រចាំ ។ ឯកឧត្តមបន្តទៀតថា ក្រុមការងារ ស្ថាបនាអភិវឌ្ឍន៍ខេត្តនៅតែបន្តសកម្មភាពរបស់ខ្លួន យ៉ាងមមាញឹកជាធម្មតា ដើម្បីធ្វើយ៉ាងណាបញ្ចប់ឱ្យបាន រួចរាល់តាមផែនការដែលបានគ្រោងទុក ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែ ធ្នូ ក្រុមហ៊ុនអ៊ុតកៅ ACទាំង៣ សម្រេចបាន ១៤.០៦ ភាគរយ ដោយ ក្រុមហ៊ុន T.C.M Engineering Company LTD សម្រេចបាន ១៧.៧៨ ភាគរយ ក្រុមហ៊ុន CCES Engineering Service Co.,LTD សម្រេចបាន ១៣.៤៣ ភាគរយ និង ក្រុមហ៊ុន Lee Sevice Cambodia PTC., LTD សម្រេចបាន ១០.០៩ ភាគរយ ។
គួរបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់ ០.០៧ ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួចជា បន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ។ ជាជំហានដំបូងក្រុមការងារកំពុងធ្វើការអ៊ុតបេទីមលើផ្លូវធំៗជាមុន និងបន្តទៅផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក ៕

ប្រភព៖ ក្រសួងព័ត៌មាន


