លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា ផ្លូវលេខ២៨៥ មានប្រវែង ៤៩០ម៉ែត្រ ទទឹង៨ ម៉ែត្រកន្លះ តភ្ជាប់ពីផ្លូវលេខ៥១៦ ទៅផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកក្នុងចំណោមផ្លូវទាំង ៧ខ្សែក្នុងខណ្ឌ ដែលឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្រេចឲ្យធ្វើការជួសជុលកែលម្អឡើងវិញជាបន្ទាន់ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក លោក ឯក ឃុនដឿន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ឃួង ស្រេង ដែលបានអនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាដែលបានណែនាំឲ្យមានការជួសជុល និងស្តារឡើងវិញ រាល់ហេដ្ឋារចនាសម្ពន្ធ័ ដែលខូចខាតក្រោយជំនន់ទឹកភ្លៀងតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ។
លោក ឯក ឃុនដឿន បានឱ្យដឹងទៀតថា៖ផ្លូវលេខ២៨៥ដែលត្រូវធ្វើការជួសជុលនាពេលនេះ គឺយើងកាយគ្រឹះចាស់ដែលខូចចេញ ធ្វើគ្រឹះជាថ្មីមុននឹងអ៊ុតកៅស៊ូទៅតាមស្តង់ដារបច្ចេកទេស។លោកអភិបាលខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវដែលកំពុងតែដំណើរការជួសជុលនេះ សូមមានការចូលរួមសហការ ដើម្បីទុកលទ្ធភាពឲ្យដំណើរការការដ្ឋានប្រព្រឹត្តទៅដោយរលូន និងបានរួចរាល់តាមការគ្រោងទុក។

ម៉្យាងទៀតកំណាត់ផ្លូវនេះក៏ជាផ្លូវសំខាន់ក្នុងការរំដោះចរាចរណ៍ពីផ្លូវលេខ៧០ (ទំនប់ទួលគោក) និងផ្លូវតំបន់អភិវឌ្ឍន៏បឹងកក់ផងដែរ។ លោក ឯក ឃុនដឿន ក៏បានសុំការយោគយល់ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ អ្នកដំណើរ ចំពោះការបិទផ្លូវនៅទីតាំងជួសជុលផ្លូវរយ:ពេលពេលខ្លី ដើម្បីឲ្យគ្រឿងចក្រងាយស្រួលក្នុងការចល័តកៀរ ឬ កាយដី៕





ប្រភព៖ ក្រសួងព័ត៌មាន


