រាជរដ្ឋាភិបាលអះអាងថា ថវិកាឆ្នាំ ២០២១ គឺជាថវិកាប្រយុទ្ធការពារអាយុជីវិត និងជីវភាពរស់នៅ របស់ប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ចដើម្បីដោះស្រាយបញ្ហាចំពោះមុខក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ថ្លែងទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសឡើងការពារច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ នាព្រឹកថ្ងៃទី ២១ ខែធ្នូនេះ ឯកឧត្តមសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ត្រូវបានរៀបចំឡើងក្នុងពេលដែលប្រទេសជាតិកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកនៃវិបត្តិជំងឺកូវីដ-១៩ ហើយជំនន់ទឹកភ្លៀងនាពេលថ្មីៗកន្លងទៅនេះបានបង្កើនថែមទៀតនូវសម្ពាធនៃតម្រូវការចំណាយថវិកានៅក្នុងឆ្នាំ ២០២១ ខាងមុខសម្រាប់គោលដៅនៃការស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងផលិតកម្មកសិកម្មដែលបាននិងកំពុងទទួលរងការខូចខាត។
ឯកឧត្តមបានបញ្ជាក់ថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវបាននិងកំពុងបន្តនាំមកនូវផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើនដែលមិនធ្លាប់មានពីមុនមក ចំពោះតំបន់ និងពិភពលោកទាំងមូល ដោយគ្មានការលើកលែងចំពោះប្រទេសណាមួយឡើយ ជាពិសេសបានធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារធ្លាក់ចុះនូវប្រាក់ចំណូល ហើយប្រជាជនមួយចំនួនធំនៅលើពិភពលោកត្រូវធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ។ កម្ពុជាក៏មិនអាចគេចរួចពីផលវិបាកអាក្រក់ទាំង
នេះដែរ។

ឯកឧត្តមបន្ដថា ការរាតត្បាតនៃជំងឺកូវីដ-១៩ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបាននាពេលកន្លងមកដោយលំបាកប៉ុណ្ណោះទេ តែថែម
ទាំងអាចទាញបង្អន់ល្បឿននៃកិច្ចដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា ក្នុងការប្រែខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផងដែរ។

ក្នុងន័យនេះ ថវិកាឆ្នាំ ២០២១ គឺជាថវិកាប្រយុទ្ធការពារអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពេលដែលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ ។ ម៉្យាងទៀត ថវិកាឆ្នាំ ២០២១នេះ គឺជាថវិកានៃឆ្នាំពាក់កណ្តាលអាណត្តិដែលបម្រើឱ្យសំណូមពរនៃការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗ ដែលបានកំណត់នៅក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និង
យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ តាមគន្លងប្រក្រតីថ្មីនៃ «ផែនការស្តារសេដ្ឋកិច្ចឡើងវិញសម្រាប់ឆ្នាំ២០២១-២០២៣»។

គណៈកម្មការព្រឹទ្ធសភាយល់ឃើញថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយរបស់រាជរដ្ឋាភិបាលក្នុងការពុះពារជម្នះឧបសគ្គ និងដោះស្រាយបញ្ហាប្រឈមនានា ដែលអាចនាំឱ្យមានហានិភ័យទាំងនៅក្នុង និងក្រៅប្រទេសសំដៅធានាឱ្យបាននូវលំនឹងសង្គម-សេដ្ឋកិច្ច និងបន្តការពារទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១ ត្រូវបានរំពឹងថា នឹងងើបឡើងវិញក៏ដោយក៏កម្ពុជានឹងជួបបញ្ហាប្រឈមជាមួយនឹងការកើនឡើងហានិភ័យកាន់តែខ្ពស់ ដោយសារតែភាពមិនប្រាកដប្រជានៃការប្រែប្រួលបរិបទសេដ្ឋកិច្ចសកលទាំងទិដ្ឋភាពខាងក្នុង និងខាងក្រៅដែលអាចនឹងប៉ះពាល់ដល់ចីរភាពនៃកំណើន និងនិរន្តរភាពនៃការអភិវឌ្ឍប្រទេស៕

ប្រភព៖ ក្រសួងព័ត៌មាន


