ការនាំចេញបង្គារបស់ប្រទេសថៃត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ១៤% នៅឆ្នាំនេះស្មើនឹង ១៥០,០០០ តោនដែលតម្លៃធ្លាក់ចុះ ២១% ស្មើនឹង ៤៤ ពាន់លានបាត (ប្រហែល ១.៤៦ ពាន់លានដុល្លារ) ដែលភាគច្រើនបណ្តាលមកពីជំងឺ Covid-19 និងប្រាក់បាតឡើងថ្លៃ។ លោក Somsak Paneetatyasai ប្រធានសមាគមបង្គាថៃបានថ្លែងថា « រលកនៃការផ្ទុះឡើងជាលើកទី២ នៃជំងឺ Covid-19 នៅក្នុងប្រទេសជាច្រើនបានធ្វើឱ្យតម្រូវការបង្គាចុះខ្សោយនៅក្នុងអំឡុងពេលបុណ្យណូអែលនិងចូលឆ្នាំថ្មី »។
សមាគមនេះ បានព្យាករណ៍កាលពីខែធ្នូ ឆ្នាំមុនថាការនាំចេញបង្គារបស់ថៃនឹងស្ទុះងើបដល់ ២០% នៅឆ្នាំ ២០២០ ស្របតាមកំណើនផលិតកម្ម។ ទោះយ៉ាងណាក្នុងរយៈពេល ១០ ខែនៃឆ្នាំនេះ ការនាំចេញបង្គារបស់ថៃមានចំនួនសរុបតែ ១២៣,២៩៧ តោនពោលគឺធ្លាក់ចុះ ៩% បើធៀបនឹងឆ្នាំមុនដោយតម្លៃធ្លាក់ចុះ ១១% ស្មើនឹង ៣៥.៩ ពាន់លានបាត។

យោងតាមលោក Somsak ប្រទេសថៃរំពឹងថា ទិន្នផលទាបនៅឆ្នាំនេះមានត្រឹមតែ ២៧០,០០០ តោនពោលគឺធ្លាក់ចុះ ៧% ពីចំនួន ២៩០,០០០ តោនក្នុងឆ្នាំ ២០១៩ ដែលបណ្តាលមកពីជំងឺបង្គា និងតម្រូវការខ្សោយក្នុងពេលមានជំងឺរាតត្បាត។ ផលិតកម្មបង្គារួមរបស់ពិភពលោកក៏ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ ៣% ស្មើនឹង ៣.៣២ លានតោន។

គួរឱ្យដឹងផងដែរថា ឧបសគ្គចម្បងសម្រាប់ឧស្សាហកម្មបង្គា គឺប្រាក់បាតដែលបានកើនឡើង ១១% ធៀបនឹងឆ្នាំ ២០១៧ នៅពេលប្រាក់បាតគិតជាមធ្យមស្មើនឹង ៣៣.៦៨ ដុល្លារអាមេរិក៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


