ដើម្បីការពារសេដ្ឋកិច្ច សិង្ហបុរី នឹងបើកផ្លូវធ្វើដំណើរមួយសម្រាប់អ្នកជំនួញធំៗ និងផ្លូវការមកពីគ្រប់ប្រទេសទាំងអស់
ទេសចរណ៍ December 18, 2020 Khmernote

រដ្ឋាភិបាលសិង្ហបុរីបាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសសិង្ហបុរីនឹងបើកផ្លូវធ្វើដំណើរដាច់ដោយឡែកមួយសម្រាប់អ្នកជំនួញធំៗ និងអ្នកដំណើរផ្លូវការមកពីគ្រប់ប្រទេសទាំងអស់ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចសំខាន់ៗឡើងវិញ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thejakartapos បានឲ្យដឹងថា ប្រទេសសិង្ហបុរីបានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងគោលបំណងដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីការធ្លាក់ចុះដ៏អាក្រក់បំផុត ហើយកំពុងព្យាយាមបើកការធ្វើដំណើរអន្តរជាតិឡើងវិញ ខណៈដែលខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះនៃវេទិកាប្រមូលផ្តុំប្រចាំឆ្នាំនៃមេដឹកនាំនយោបាយ និងធុរកិច្ចនៅឆ្នាំក្រោយ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរដំបូងនឹងអាចមកដល់ចាប់ពីពាក់កណ្តាលខែមករាតាមរយៈផ្លូវថ្មី ដែលនឹងត្រូវបើកសម្រាប់អ្នកដែលធ្វើដំណើររយៈពេលខ្លីដោយតម្រូវឲ្យស្នាក់នៅរហូតដល់ ១៤ ថ្ងៃ។ ជាមួយគ្នានេះ វានឹងបំពេញបន្ថែមការរៀបចំផ្សេងទៀតដែលសិង្ហបុរីមានសម្រាប់ការធ្វើដំណើរបែបអាជីវកម្មរួមជាមួយ ប្រទេសចិន អាល្លឺម៉ង់ និងឥណ្ឌូនេស៊ី។

ទោះជាយ៉ាងណាក្ដីអ្នកដំណើរដែលស្ថិតនៅក្រោមការរៀបចំចុងក្រោយនឹងត្រូវប្រកាន់ខ្ជាប់នូវពិធីសារស្តីពីសុខភាព និងតេស្តយ៉ាងតឹងរឹងហើយនឹងត្រូវស្ថិតនៅតាមកន្លែងដាក់ឲ្យនៅដាច់ដោយឡែកតាមការរៀបចំរបស់រដ្ឋាភិបាល។ ឧទាហរណ៍នៅពេលអ្នកដំណើរនឹងត្រូវបានអនុញ្ញាតឱ្យជួបជាមួយភ្ញៀវក្នុងស្រុក ពួកគេនឹងត្រូវដាក់ឲ្យនៅក្នុងបន្ទប់ជាមួយគ្នាតែជាប្រភេទបន្ទប់ខ័ណ្ឌចែកដាច់ពីគ្នា៕

អត្ថបទ៖ លីនី
ប្រភព៖ thejakartapost