រដ្ឋាភិបាលថៃ និងក្រុមហ៊ុនរថយន្តគ្រោងនឹងជួបប្រជុំគ្នានៅខែក្រោយដើម្បីពិភាក្សាលើសំណើ ដាក់ពន្ធខ្ពស់លើយានយន្តដែលដំណើរការដោយប្រេង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់យានយន្តអគ្គិសនី (EVs) និងកាត់បន្ថយការបំពុលខ្យល់។ បើយោងតាមការដកស្រង់ប្រភពពីក្រសួងហិរញ្ញវត្ថុ ការតម្លើងពន្ធនេះត្រូវបានគេលើកឡើងដោយសារតែរចនាសម្ព័ន្ធពន្ធរដ្ឋសម្រាប់រថយន្តគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ហើយមានការចាប់អារម្មណ៍ក្នុងការពិចារណាលើកម្រិតសមរម្យជាងនេះ។ លោក Atthawit Techawiboonwong អ្នកគ្រប់គ្រងទូទៅផ្នែកកិច្ចការខាងក្រៅ និងរដ្ឋាភិបាលរបស់ក្រុមហ៊ុន Nissan Thailand បានមានប្រសាសន៍ថា រដ្ឋាភិបាលបានទូរស័ព្ទទៅក្រុមហ៊ុនរបស់លោកដើម្បីពិភាក្សាអំពីសំណើដំឡើងពន្ធដែលអាចចូលជាធរមាននៅឆ្នាំ២០២៦ ហើយក៏ជាផ្នែកមួយនៃផែនការជួយឧស្សាហកម្មយានយន្តអគ្គិសនី (EVs) ដែរ។
អ្នកគ្រប់គ្រងទូទៅរូបនេះបានមានប្រសាសន៍ថា « ក្រុមហ៊ុន Nissan នឹងប្រាប់រដ្ឋាភិបាលអំពីគំនិតរបស់ខ្លួនក្នុងការលើកកម្ពស់ឧស្សាហកម្ម EV និងជំរុញតម្រូវការ។ ខណៈក្រុមហ៊ុនផលិតរថយន្តជាច្រើនបានប្រាប់អាជ្ញាធរថា ការដំឡើងពន្ធតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេ ដូច្នេះគួរមានវិធានការផ្សេងទៀតដូចជា ការយកពន្ធលើប្រាក់ចំណូលសាជីវកម្មសម្រាប់ក្រុមហ៊ុនដែលទិញរថយន្តអគ្គិសនីជាការចាប់ផ្តើមដ៏ល្អ »។

លោកបានបន្តថា ទីភ្នាក់ងាររបស់រដ្ឋត្រូវតែធ្វើជាគំរូសម្រាប់ការប្រើប្រាស់រថយន្តអគ្គិសនី (EVs) ប៉ុន្តែវាមិនអាចទៅរួចទេបើគ្មានការធ្វើវិសោធនកម្មបទប្បញ្ញត្តិស្តីពីលទ្ធកម្មរបស់រដ្ឋដែលមិនគាំទ្រដល់ការទិញរថយន្តអគ្គិសនី។ ប្រសិនបើទីភ្នាក់ងាររដ្ឋទិញរថយន្ត ជំនាន់ក្រោយពួកគេនឹងត្រូវបានត្រួតពិនិត្យដោយការិយាល័យសវនកម្មរដ្ឋ ពីព្រោះរថយន្តទាំងនេះជាធម្មតាមានតម្លៃថ្លៃ។ ជាមួយគ្នានេះលោកបានបន្ថែមថា យើងត្រូវពិចារណាលើកត្តាផ្សេងៗគ្នាចាប់ពីតម្រូវការ និងតម្លៃរហូតដល់កន្លែងសាកអគ្គិសនី ។

យ៉ាងណាមិញលោក Supant Mongkolsuthree ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានមានប្រសាសន៍ថា ក្រុមហ៊ុនផលិតរថយន្តគាំទ្រគោលនយោបាយ យានយន្តអគ្គិសនី (EVs) ព្រោះវាអាចជួយកាត់បន្ថយកម្រិត PM2.5 បានប៉ុន្តែពួកគេត្រូវការព័ត៌មានលម្អិតច្បាស់ជាងនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


