ប្រទេសថៃនាថ្ងៃព្រហស្បតិ៍ទី ១៧ ខែធ្នូ នេះបានបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរសម្រាប់ពលរដ្ឋមកពី ៥៦ ប្រទេស ក្នុងគោលបំណងជំរុញឧស្សាហកម្មទេសចរណ៍ ដែលរងគ្រោះដោយសារជំងឺរាតត្បាត Covid-19 ប៉ុន្តែត្រូវបានតម្រូវឱ្យនៅដាច់ដោយឡែកចំនួនពីរសប្តាហ៍នៅសណ្ឋាគារ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA មុននេះបន្តិច បាន្យដឹងថា អ្នកទេសចរមកពីប្រទេសនានារួមមាន អូស្រ្តាលី បារាំង និងសហរដ្ឋអាមេរិក អាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ប៉ុន្តែត្រូវមានលិខិតបញ្ជាក់មួយដើម្បីបង្ហាញថា ពួកគេមិនមានផ្ទុកវីរុស Covid-19 ដែលបានតេស្តក្នុងរយៈពេល ៧២ ម៉ោងមុនពេលធ្វើដំណើរ និងបានកក់នៅសណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ក នេះបើតាមបញ្ជាក់របស់លោក Taweesin Wisanuyothin អ្នកនាំពាក្យពីក្រុមជំនាញក្នុងការទប់ស្កាតវីរុស Covid-19។
ប្រភពដដែលបានបញ្ជាក់ថា ភ្ញៀវទេសចរនឹងត្រូវស្ថិតក្នុងរយៈពេលកំណត់រយៈពេល ២ សប្តាហ៍ បន្ទាប់ពីបានមកដល់ ហើយទិដ្ឋាការដែលជាធម្មតាមានសុពលភាព ៣០ ថ្ងៃធម្មតានឹងត្រូវពន្យារដល់ ៤៥ ថ្ងៃ។ ជាមួយគ្នានេះខណៈពេលដែលធ្វើចត្តាឡីស័ក អ្នកដំណើរនឹងត្រូវឆ្លងកាត់ការធ្វើតេស្តរកវីរុស ចំនួន ៣ ដង ដែលកើនឡើងពីលើកមុន។

គួរឲ្យដឹងផងដែរថា ការកែប្រែនេះធ្វើឡើងនៅពេលសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍ខិតខំជំរុញសកម្មភាពក្នុងស្រុកបន្ថែមទៀត ប៉ុន្តែការហាមឃាត់ការធ្វើដំណើរកំពុងបន្តធ្វើឱ្យភ្ញៀវទេសចរបរទេសភាគច្រើនមិនចូលមកក្នុងប្រទេស។ ជាមួយគ្នានេះដែរអ្នកនាំពាក្យក្រសួងការបរទេសលោក Tanee Sangrat បានប្រាប់រ៉យទ័រថា៖ « ការចូលមកនៃភ្ញៀវទេសចរនឹងជំរុញសេដ្ឋកិច្ច »។ បើទោះបីជាការរឹតត្បិតការចូល បានជួយប្រទេសថៃរក្សាករណីវីរុស Covid-19 របស់ខ្លួនក្នុងកម្រិតទាបក៏ដោយ ប៉ុន្តែបានបង្កការខូចខាតសេដ្ឋកិច្ច និងបាត់បង់ការងារជាច្រើន៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


