យោងតាមការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យដឹងថា តាកែវ គឺជាខេត្តមួយក្នុងចំណោមខេត្តធំៗដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវជាប់ចំណាត់លេខ១ ចំនួន៨ឆ្នាំ ចំណាត់ថ្នាក់លេខ២ ចំនួន ៨ឆ្នាំ និងចំណាត់ថ្នាក់លេខ៣ ចំនួន ២ឆ្នាំចុងក្រោយ ហើយក៏ជាខេត្តមួយមានច្រកនាំចេញផលស្រូវធំមួយទៅកាន់ប្រទេសជិតខាង តាមមធ្យោបាយផ្លូវទឹក និងផ្លូវគោក។ ក្នុងឆ្នាំ២០២០ នេះ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីថ្ងៃទី១៥ ខែធ្នូ បានឲ្យដឹងថាតួលេខក្នុងផែនការបង្កបង្កើនផលស្រូវរដូវរស្សាមានផ្ទៃដីសរុបចំនួន ១៨០,០០០ ហិកតា អនុវត្តបានចំនួន ២០៩,៣៧៣ ហិកតា ស្មើ ១១៦% ទិន្នផល ៣,៤ តោន/ហិកតា ទទួលបានបរិមាណផលសរុបចំនួន ៧១១ ៤២៣តោន លើសឆ្នាំមុនចំនួន ៣៥,៣៧២តោន។
ដោយឡែកចំពោះស្រូវប្រាំងវិញ តួលេខក្នុងផែនការមានចំនួន ៨០,០០០ ហិកតា អនុវត្តបានចំនួន ១០១,៥១១ ហិកតា ស្មើនឹង ១២៧% ទទួលបានទិន្នផល ៤,៨៩៨ តោន/ហិកតា បរិមាណផលសរុបចំនួន ៤៩៧,២០១តោន តិចជាងឆ្នំាមុន ៦,៦៨៤តោន (បញ្ហាមកពីខ្វះទឹកមិនអាចធ្វើលើកទី២ បាន)។ យ៉ាងណាមិញចំពោះការនាំចេញ ខេត្តតាកែវមានច្រកនាំចេញផលស្រូវសំខាន់ៗចំនួន ៤ ទៅកាន់ប្រទេសជិត ខាង គឺច្រកកំពង់ទូកអង្គរបុរី ច្រកកំពង់អំពិល ច្រកភ្នំដិន ច្រកដើមដូង និងប្រឡាយ ៩២។ គិតមកទល់ថ្ងៃទី១៥ ខែធ្នូ ផលស្រូវចំនួន ១៣៦ ៨៥២តោន ត្រូវបាននាំចេញ៕





អត្ថបទ៖ លីនី


