ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះ ដោយសារឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ-១៩ មានសញ្ញាជាច្រើនបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ។ សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងរួញទំហំប្រមាណ -២% ក្នុងឆ្នាំ ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញហើយលូតលាស់បានប្រហែលជិត ៤% ក្នុងឆ្នាំ ២០២១។ លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជាមានប្រសាសន៍ថា នៅពេលដែលមានការធូរស្រាលបន្តិចនៅក្នុងវិធានការរក្សាសុវត្ថិភាពសង្គម សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ។
អន្តរាគមន៍ក្នុងកម្រិតដែលមិនធ្លាប់មានរបស់រាជរដ្ឋាភិបាលកម្ពុជា បានជួយមួយផ្នែកក្នុងការទ្រទ្រង់ ដល់ផ្នែកទទួលទានប្រើប្រាស់ឱ្យនៅស្ថិតស្ថេរ ហើយអតិផរណាក៏ស្ថិតនៅក្រោមការគ្រប់គ្រងជាប់ផងដែរ។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី ១៦ ខែធ្នូ នេះបានបង្ហាញថា លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើង ដែលទំនងជាដោយសារភាពទាក់ទាញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាកំពុងធ្វើការជាមួយប្រទេសនានាក្នុងតំបន់។
ទោះបីជា ការនាំចេញសរុបនៃផលិតផលកមន្តសាលបានរងការប៉ះទង្គិចពីការរាតត្បាតជំងឺនេះក៏ដោយ ក៏កំណើននៅតែបន្តមានក្នុងការនាំចេញផលិតផលរោងចក្រដទៃទៀតមានកង់ គ្រឿងបង្គំអគ្គិសនី គ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានាហើយការនាំចេញអង្ករ និងផលិតផលកសិកម្មផ្សេងទៀតនៅមានសន្ទុះខ្លាំងក្លា។ ជាមួយគ្នានេះ ទេសចរណ៍ក្នុងស្រុកក៏បានជួយមួយផ្នែកក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរកម្រើកឡើងវិញ៕
ប្រភព៖ ក្រសួងព័ត៌មាន


