ខណៈពេលដែលវិស័យទេសចរណ៍របស់ប្រទេសបានរងផលប៉ះពាល់យ៉ាងខ្លាំងពីវីរុសរាតត្បាត covid-19 រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរទេសចរណ៍ថៃបានដាក់ចេញនូវនិងយុទ្ធសាស្រ្ត និងកម្មវិធីជាច្រើន ដើម្បីទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុកមកវិញ។ ទន្ទឹមនឹងការផ្ដល់ជូនពិសេសផ្សេងៗ ក៏បន្ថែមនូវការសម្រាលគោលនយោបាយរឹតបន្តឹងផងដែរ ហើយកាលពីពេលថ្មីៗនេះអាជ្ញាធរទេសចរណ៍ថៃ (TAT) បានជ្រើសរើសកម្មវិធីណាត់ជួប «Tinder» ដើម្បីបើកយុទ្ធនាការថ្មីមួយដែលផ្តោតលើអ្នកធ្វើដំណើរតែឯង (solo travellers)។
លោកស្រី Thapanee Kiatpaiboon ប្រធានផ្នែកផ្សព្វផ្សាយផលិតផលនៃ (TAT) បានមានប្រសាសន៍ថាយុទ្ធនាការ “ ការធ្វើដំណើរតែឯង” ឬ “Single Journey” បាននាំមកជាមួយភាពសប្បាយរីករាយ កុំអោយមានអារម្មណ៍ឯកោ និងទាំងលើកកម្ពស់ការធ្វើដំណើរក្នុងស្រុកសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរតែម្នាក់ឯង។ បន្ថែមពីនេះ ការធ្វើដំណើរតែឯង គឺស្ថិតក្នុងចំណោមទំរង់ទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ពិភពលោកហើយមាននិន្នាការបង្កើតការចំណាយខ្ពស់។ ជាក់ស្ដែងយុទ្ធនាការនេះមានគោលបំណងទាក់ទាញប្រជាជនចំនួន ៧០ លាននាក់តាមរយៈ Tinder និងFacebook ដែលបង្កើតការធ្វើដំណើរចំនួន ៧ លាន និងថវិកាចំនួន ១០០ លានបាតនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ ។

ជាមួយគ្នានេះដែរ យុទ្ធនាការនេះនឹងត្រូវបានសាកល្បងគម្រោងចំនួន ៣ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ ខាងមុខនេះ ខណៈយុទ្ធនាការនេះមានយ៉ាងហោចណាស់ ២០ គម្រោងដែលគ្របដណ្តប់លើសកម្មភាពផ្សេងៗគ្នា និងតំបន់ទាំងអស់នៃប្រទេស។ ជាក់ស្ដែងគម្រោងទី១ ដែលបើកសាកល្បង ត្រូវបានគេដាក់ឈ្មោះថា “បួងសួងដល់ព្រះពុទ្ធដើម្បីសេចក្តីស្រឡាញ់” និងមានដំណើរកម្សាន្តតាមទូកនៅលើចាវប្រា ដើម្បីទៅទស្សនាប្រាសាទចំនួន ៩ នៅចន្លោះទីក្រុងបាងកកនិងអយុធ្យា។

ក្នុងនោះហោរាសាស្រ្តល្បីឈ្មោះ Tossaporn “ Chang” Sritula នឹងណែនាំអ្នកធ្វើដំណើរអំពីរបៀបអធិស្ឋានសុំសេចក្តីស្រឡាញ់មុនពេលថ្ងៃលិច ជាមួយនឹងអាហារពេលល្ងាចនៅលើទូក។ ការកក់សំបុត្រធ្វើដំណើរនាថ្ងៃទី ២០ ខែធ្នូបើកតាមរយៈកម្មវិធី Sneakout fanpage និង Tinder នៅថ្ងៃទី១៦ ខែធ្នូ ដោយផ្ដល់ការធ្វើដំណើរដោយឥតគិតថ្លៃសម្រាប់ ១០០ នាក់ដំបូងដែលចុះឈ្មោះ។ ចំនែកគម្រោងទី២ គឺ មានឈ្មោះថា “Hot Singles” ផ្ដោតទៅលើឆ្នេរខ្សាច់ និងពិធីជប់លៀងនៅកោះកៃ នៅក្រាប៊ី។ ដោយឡែកគម្រោងទី៣ ត្រូវបានគេដាក់ឈ្មោះឲ្យថា “Chilling Single by Train” ដោយនិងមានដំណើរកម្សាន្តតាមរថភ្លើងដែលមានភាពរ៉ូមែនទិកតាមរយៈទេសភាពដ៏អស្ចារ្យនៃទំនប់ Pasak Chonlasit ក្នុង Lopburi អមដោយអាហារនៅលើអាងស្តុកទឹក៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


