ទោះបីជាមានការគំរាមកំហែងដោយទឹកជំនន់នាពេលថ្មីៗនេះក៏ដោយ ក៏ផលិតកម្មស្រូវរដូវវស្សាត្រូវបានរំពឹងថានឹងកើនឡើងដល់ ៨.៥ លានតោននៅឆ្នាំនេះ ដែលជាការកើនឡើង ៤% បើធៀបនឹងឆ្នាំ ២០១៩ ។ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចែករំលែកការធ្វើបច្ចុប្បន្នភាពនេះ បន្ទាប់ពីមានកិច្ចពិភាក្សាតាមដានត្រួតពិនិត្យទិន្ន័យទិន្នផលស្រូវជាមួយមន្ទីរខេត្ត។ ឯកឧត្ដម វេង សាខុន បានមានប្រសាសន៍ថា ការប្រមូលផលជាមធ្យមគឺប្រហែល ៣.១២២ តោនក្នុងមួយហិកតា ដែលជាការកើនឡើងពីប្រមាណ ៣.០៩៥ តោនក្នុងមួយហិកតាកាលពីឆ្នាំមុន។
ឯកឧត្ដមបន្ថែមថា ប្រហែលជា ៨៩% ឬដីស្រែ ៥៧,៥៥៧ ហិកតានៃផ្ទៃដីសរុបនៅក្នុងខេត្តចំនួន ១៩ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ត្រូវបានស្តារឡើងវិញ។ ក្រសួង ក៏បានប្រគល់គ្រាប់ពូជស្រូវរាប់ពាន់តោនដល់ប្រជាកសិករដើម្បីធ្វើស្រែលើផ្ទៃដីដែលត្រូវបានស្តារឡើងវិញ។

យោងតាមតួលេខពីសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា រយៈពេល ១១ ខែនៃឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជាកើនឡើងជិត ១៧% ជាមួយនឹងបរិមាណសរុប ៦០១,០៤៥ តោនស្មើនឹង ៤១៥ លានដុល្លារពោលគឺកើនឡើង ១២% បើធៀបនឹងឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលដូចគ្នានេះដែរប្រទេសកម្ពុជាក៏បាននាំចេញអង្ករសរីរាង្គ និងអង្ករក្រអូបចំនួន ៤៨១,២០០ តោនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន


