ជប៉ុន នឹងផ្ដល់សំណងដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ក្រោយផ្អាកយុទ្ធនាការឧបត្ថម្ភធនធ្វើដំណើរកម្សាន្តក្នុងស្រុក
សេដ្ឋកិច្ច December 15, 2020 Chan Sreyny

ក្រសួងទេសចរណ៍របស់ប្រទេសជប៉ុនបានប្រកាសថា ខ្លួននឹងផ្ដល់សំណងដល់ម្ចាស់អាជីវកម្មទេសចរណ៍ដើម្បីជួយពួកគេបន្ថែម បន្ទាប់ពីការសំរេចចិត្តរបស់រដ្ឋាភិបាលក្នុងការផ្អាកកម្មវិធីឧបត្ថម្ភធនក្នុងការធ្វើដំណើរនៅទូទាំងប្រទេស ខណៈពេលដែលមានការកើនឡើងនៃករណីឆ្លងជំងឺ Covid-19 ។ ការផ្លាស់ប្តូរនេះ ឆ្លុះបញ្ចាំងពីក្តីកង្វល់របស់ឧស្សាហកម្មទេសចរណ៍ថាវិធានការណ៍បញ្ឈប់យុទ្ធនាការ “ទៅធ្វើដំណើរ” សម្រាប់ការលើកកម្ពស់ទេសចរណ៍ក្នុងស្រុកចាប់ពីថ្ងៃទី ២៨ ខែធ្នូ ដល់ថ្ងៃទី ១១ ខែមករា នឹងជះឥទ្ធិពលដល់អាជីវកម្មដែលបានរួចផុតពីជំងឺរាតត្បាតហើយសង្ឃឹមថា នឹងប្រើប្រាស់ពេលវេលានៅឆ្នាំនេះក្នុងការងើបឡើងវិញ។

ក្រសួងបាននិយាយថា អតិថិជនដែលបានធ្វើការកក់បន្ទប់ និងកញ្ចប់ធ្វើដំណើររួចហើយក្នុងកំឡុងពេលមានការផ្អាកនេះអាចធ្វើការលប់ចោលដោយឥតគិតថ្លៃមុនថ្ងៃទី ២៤ ខែធ្នូ។ រដ្ឋាភិបាលនឹងចំណាយ ៥០% នៃថ្លៃធ្វើដំណើរក្នុងការកក់ដែលបានលុបចោលចាប់ពី ៣៥% ដោយពិចារណាលើរបៀបដែលអាជីវកម្មមួយចំនួនបានបង្កើនចំនួនបុគ្គលិករួចហើយ ដើម្បីដោះស្រាយជាមួយនឹងចំនួនដែលបានរំពឹងទុកក្នុងរដូវវិស្សមកាល។

ទន្ទឹមនឹងនេះ ប្រតិបត្តិករទេសចរណ៍ សណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងទៀតត្រូវបានផ្តល់សំណងដោយរដ្ឋាភិបាលចំនួន ៣៥% នៃការចំណាយលើការធ្វើដំណើរនៅពេលអតិថិជនលុបចោលការកក់របស់ពួកគេ ដោយអនុលោមតាមការបញ្ឈប់យុទ្ធនាការមុនពេលកំណត់របស់រដ្ឋាភិបាលនៅក្នុងតំបន់ដែលមានចំនួនឆ្លងខ្ពស់។

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ត្រូវបានដកស្រង់សម្តីនៅក្នុងកិច្ចប្រជុំមួយរបស់គណបក្សប្រជាធិបតេយ្យសេរីរបស់លោកកាលពីថ្ងៃអង្គារថា « ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងបន្ថែមទៀត នៅថ្ងៃឈប់សម្រាកចុងឆ្នាំ និងចូលឆ្នាំថ្មី »។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃសៅរ៍ ចំនួនករណីឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់ ៣,០០០ នាក់ជាលើកដំបូង៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews