អាឡឺម៉ង់ សន្យាផ្តល់ថវិកា ៦ លានដុល្លារដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 នៅអាស៊ាន
សេដ្ឋកិច្ច December 15, 2020 Khmernote

ប្រទេសអាឡឺម៉ង់កាលពីថ្ងៃ ច័ន្ទ កន្លងទៅនេះ បានប្រកាសថា​ ខ្លួននឹងបរិច្ចាគថវិកា ៥ លានអឺរ៉ូ (៦.០៧ លានដុល្លារ) ដល់មូលនិធិឆ្លើយតបនឹងវីរុស Covid-19 របស់អាស៊ាន នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ស្ថានទូត។ សេចក្ដីប្រកាសព័ត៌មានពីស្ថានទូតអាឡឺម៉ង់ នៅទីក្រុងហាណូយបានឱ្យដឹងថាកិច្ចសហប្រតិបត្តិការរបស់ប្រទេសនេះជាមួយអាស៊ាន គឺជាសមាសធាតុសំខាន់មួយនៃគោលការណ៍ណែនាំឥណ្ឌូ-ប៉ាស៊ីហ្វិករបស់រដ្ឋាភិបាល។ មូលនិធិអាស៊ានដែលត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ កាលពីខែមុន ទទួលបានថវិកាប្រមាណ ១០លានដុល្លារ ដោយក្នុងនោះប្រទេសវៀតណាមបានសន្យាផ្តល់ប្រាក់ចំនួន ៥ លានដុល្លាររួមទាំងឧបករណ៍វេជ្ជសាស្ត្រ។

យ៉ាងណាមិញក្រៅពីប្រទេសអាឡឺម៉ង់ និងវៀតណាម ប្រទេសផ្សេងទៀតដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ក៏បានសន្យាផ្តល់ប្រាក់រាប់រយលានដុល្លារផងដែរ។ គួរឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍បានកត់ត្រាករណីនៃ Covid-19 ចំនួនជាងមួយលានករណី ខណៈបច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ីមានករណីឆ្លងខ្ពស់បំផុតនៅក្នុងតំបន់ដោយមានអ្នកឆ្លងជាង ៦២០,០០០ នាក់ និងជាង ១៨,០០០ នាក់បានស្លាប់ ដោយតាមពីក្រោយដោយប្រទេសហ្វីលីពីនដែលមានអ្នកឆ្លងជាង ៤៥០,០០០ នាក់និងមានអ្នកស្លាប់ជាង ៨,៧០០ នាក់៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress