ដំណឹងល្អ! ៩៨% នៃភូមិទាំងអស់នៅទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ហើយ
សេដ្ឋកិច្ច December 15, 2020 Chan Sreyny

ការទទួលបានអគ្គិសនី ត្រូវបានផ្សព្វផ្សាយតាមការគ្រោងទុក ខណៈពេលដែល ៩៨% នៃភូមិទាំងអស់នៅទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់។ ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យរោងចក្រថាមពល ៤០០ មេហ្គាវ៉ាត់នៅស្រុកល្វាឯមខេត្តកណ្ដាលថា « អគ្គិសនីភាវូបនីយកម្មនៅជនបទមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បន្ទាប់ពីរាជរដ្ឋាភិបាលបានកំណត់គោលដៅធ្វើឱ្យមានអគ្គិសនីគ្រប់ភូមិទាំងចំនួន ១៤,១៦៨ នៅទូទាំងប្រទេសនៅចុងឆ្នាំ ២០២០ »។

ឯកឧត្ដមបន្តថា « នៅសល់ ២% ឬស្មើនឹង ២៣៧ ភូមិដែលមិនទាន់ភ្ជាប់បណ្តាញអគ្គិសនីនោះទេ ដោយសារតែមានទីតាំងស្ថិតនៅក្នុងតំបន់ពិបាកដែលបង្កការលំបាកដល់ដំណើរការអគ្គិសនី »។ ឯឧត្ដមបានបន្ថែមថា « ក្រសួងកំពុងត្រៀមផ្តល់ថាមពលដល់ពួកគេ ដោយដំឡើងប្រព័ន្ធសូឡា PV នៅតាមតំបន់ទាំងនោះ »។

គួរឱ្យដឹងផងដែរថា ប្រភពថាមពលសំខាន់ៗនៅកម្ពុជាមានដូចជា៖ ទំនប់វារីអគ្គិសនី រោងចក្រថាមពលធ្យូងថ្ម កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ( Sola) និងថាមពលនាំចូលពីប្រទេសជិតខាង៕

ប្រភព៖ ក្រសួងព័ត៌មាន