ទំហំពាណិជ្ជកម្មកម្ពុជា – ជប៉ុន ធ្លាក់ចុះ ៨% ក្នុងរយៈពេល ១០ខែ នៃ​ឆ្នាំកើតមានវិបត្តិកូវីដ-១៩ នេះ
សេដ្ឋកិច្ច December 12, 2020 Khmernote

យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានបានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនក្នុងរយៈពេល ១០ខែ ដំបូងនៃឆ្នាំ២០២០ នេះ មានតម្លៃ ១,៧៤៨ លានដុល្លារ ខណៈចំនួននេះបានបង្ហាញពីការធ្លាក់ចុះ ៨ ភាគរយ បើធ្វើការប្រៀបធៀប​នឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះដែរ តួលេខពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បង្ហាញថា ចាប់ពីខែមករាដល់ខែតុលាឆ្នាំ ២០២០ កម្ពុជាបាននាំចេញទំនិញដែលមានតម្លៃ ១,៣៥៨ លានដុល្លារទៅជប៉ុន ធ្លាក់ចុះ ៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកម្ពុជាបានចំណាយប្រាក់ចំនួន ៣៩០ លានដុល្លារអាមេរិក ក្នុងការនាំចូលផលិតផលពីប្រទេសជប៉ុនដែលធ្លាក់ចុះ ១២ ភាគរយ។

ទន្ទឹមនឹងនេះ យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ផលិតផលសក្តានុពលសម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន គឺសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង ១៣ ភាគរយស្មើនឹង ២,២៩២ លានដុល្លារអាមេរិក ខណៈការធ្លាក់ចុះក្នុងឆ្នាំនេះ អាចបណ្ដាលមកពីការរាតត្បាតនៃវីរុស Covid-19 ដែលបានវាយប្រហារលើសេដ្ឋកិច្ចរបស់កម្ពុជា និងជប៉ុន ក៏ដូចជាបណ្ដាប្រទេសដទៃទៀតផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន