ខេត្តព្រៃវែង បានក្លាយជាខេត្តមួយផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម វេងសាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទនៅលើគណនីហ្វេសប៊ុកផ្លូវការកាលពីពេលថ្មីៗនេះ។ ក្នុងនោះផងដែរថា ឯកឧត្តមបានបញ្ជាក់ថា ការងារដាំដុះស្រូវរដូវវស្សានៅក្នុងឆ្នាំ២០២០ នេះ ខេត្តព្រៃវែងអនុវត្តបានលើផ្ទៃដីប្រមាណ ២៨០ ៣៩៩ ហិកតា។ រីឯការងារប្រមូលផលស្រូវវិញ គិតមកទល់ថ្ងៃទី៥ ខែធ្នូ ខេត្តសម្រេចប្រមូលផលបានចំនួន ២១៥ ៣៩៩ ហិកតាស្មើនឹង ៧៧% នៃផ្ទៃដីសរុប និងទទួលបានទិន្នផលជាមធ្យមប្រមាណ ៣.២៣ តោន/ហិកតា ហើយទទួលបានបរិមាណផលសរុបចំនួន ៦៩២ ៣០២ តោន។
យ៉ាងណាមិញក្រៅពីដំណាំស្រូវ កសិ-ឧស្សាហកម្ម សាកវប្បកម្ម (ផលិតកម្មបន្លែ) ផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ (មាន់ គោ ជ្រូក) ក៏មានសក្តានុពលក្នុងការនាំចេញសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។ ទន្ទឹមនឹងជាខេត្តនាំមុខគេក្នុងការផលិតនូវផលិតផលកសិកម្ម ព្រៃវែង ក៏ជាខេត្ត ឈានមុនសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសជិតខាងតាមផ្លូវគោក និងផ្លូវទឹកផងដែរ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីថ្ងៃទី៨ បានបង្ហាញថា គិតចាប់តាំងពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បរិមាណផលស្រូវបាននាំចេញទៅកាន់ប្រទេសជិតខាងសរុបមានចំនួន ៧១៩ ៦៩៣តោន ដោយឡែកគ្រាន់តែមួយសប្តាហ៍កន្លងមក បរិមាណស្រូវចំនួន ៦៩,៤៣៤តោន ត្រូវបាននាំចេញពីខេត្តព្រៃវែងទៅកាន់ប្រទេសជិតខាង។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថា ជាមធ្យមស្រូវមានតម្លៃ ១,១៥០ រៀលក្នុងមួយគីឡូក្រាម (អាចថ្លៃជាង ឬថោកជាងអាស្រ័យលើប្រភេទស្រូវ)៕







អត្ថបទ៖ លីនី


