ធនាគារធំរបស់កូរ៉េខាងត្បូង នឹងបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់ពលករខ្មែរនៅប្រទេសកូរ៉េ បន្ទាប់ពីមានការស្នើសុំរបស់ស្ថានទូតកម្ពុជា
សេដ្ឋកិច្ច December 11, 2020 Chan Sreyny

ធនាគារធំមួយរបស់ប្រទេសកូរ៉េខាងត្បូង បានយល់ព្រមថានឹងបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់ ពលករខ្មែរនៅប្រទេសកូរ៉េ បន្ទាប់ពីមានការស្នើសុំរបស់ស្ថានទូតកម្ពុជាក្នុងជំនួបពិភាក្សារវាងប្រតិភូរបស់សម្ព័ន្ធ DGB Financial Group ដឹកនាំដោយលោក KIM TAE OH ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមការងារស្ថានទូតកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េលើការពង្រឹងកិច្ចសហប្រតិបត្តិការយោគយល់គ្នា និងការផ្ដល់ជំនួយសប្បុរសធម៌ដល់កម្ពុជា ។

គួរបញ្ចាក់ផងដែរថា សម្ព័ន្ធ DGB Financial Group បានចាប់ផ្ដើមដំណើរការវិនិយោគទុនរកស៊ីក្នុងវិស័យធនាគារនៅកម្ពុជា (DGB Bank) ចាប់តាំងពីឆ្នាំ ២០១២ ហើយរហូតមកដល់បច្ចុប្បន្នបានពង្រីកខ្លួនរហូត ៩សាខា ជាមួយបុគ្គលិកប្រមាណជាង ៦០០នាក់។

ឯកឧត្តម ឡុង ឌីម៉ង់ បានថ្លែងអំណរគុណដល់លោកប្រធានសម្ព័ន្ធ DGB ដែលមានទំនុកចិត្ត និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាហើយសន្យាជួយសហការបង្កលក្ខណៈ និងជំរុញបន្ថែមអស់ពីលទ្ធភាពរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េសំដៅឱ្យមានសុខដុមរមនាសម្រាប់ក្រុមហ៊ុន ដែលមានបំណង និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ លោក KIM TAE OH ក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរាជទូត និងសហការី សម្រាប់ការស្វាគមន៍ និងបង្កលក្ខណៈដល់រូបលោក និងសហការី ហើយទន្ទឹមនឹងគ្នានេះសម្ព័ន្ធ DGB Financial Group បានសម្រេចផ្ដល់អំណោយជាម៉ាស់ដល់កម្ពុជាដែលកំពុងមានតម្រូវការ តាមរយៈស្ថានទូតគិតជាទឹកប្រាក់ចំនួន ១០,០០០ដុល្លារអាមេរិក និងបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់ពលករខ្មែរនៅប្រទេសកូរ៉េឱ្យកាន់តែប្រសើរតាមការស្នើសុំរបស់ស្ថានទូតកម្ពុជា។

បន្ថែមពីលើនេះ លោកប្រធានក៏បានស្នើដល់ឯកឧត្តមឯកអគ្គរាជទូតជួយសិក្សាណែនាំអំពីទីតាំងដែលគ្រោងនឹងរៀបចំជាទីស្នាក់ការកណ្ដាលរបស់ធនាគារនៅកម្ពុជា ក៏ដូចជាជួយណែនាំធនធានមនុស្សដែលមានសមត្ថភាពក្នុងការទទួលកិច្ចការសំខាន់ៗរបស់ធនាគារ DGB Bank នៅកម្ពុជាផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន