អូស្ត្រាលីគ្រោងផ្តល់ជំនួយឥតសំណង ៨៥លានដុល្លារជួយដល់កម្ពុជា សម្រាប់ការស្តារសេដ្ឋកិច្ច-សង្គម ពីវិបត្តិជំងឺកូវីដ-១៩
សេដ្ឋកិច្ច December 10, 2020 Khmernote

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៥លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ច សង្គមកម្ពុជា ពីវិបត្តិជំងីកូវីដ-១៩។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពី ការប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តផែនការអភិវឌ្ឍន៍ សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលបានចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ កន្លងទៅនេះ បានបញ្ជាក់ថា គម្រោងផ្តល់ហិរញ្ញប្បទាន ៨៥លានដុល្លារនេះ ជាការផ្តល់បន្ថែម លើហិរញ្ញប្បទានប្រមាណ ១៧០លានដុល្លារអាមេរិក ដែលលោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសគាំទ្រដល់ការធ្វើ សមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ និងហិរញ្ញប្បទានប្រមាណ ៤៤៥លានដុល្លារអាមេរិក ដែលអូស្ត្រាលី បានប្តេជ្ញាផ្តល់សម្រាប់ចែកចាយវ៉ាក់សាំង ជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៉ីហ្វិក។

ឯកឧត្តម ផាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលី នឹងវិនិយោគលើចង្កោមសកម្មភាពនៃសសរស្តម្ភទាំង៣ គឺការធានាសន្តិសុខផ្នែកសុខាភិបាល ស្ថិរភាពសង្គម និងបរិយាប័ន្ន និងការស្តារសេដ្ឋកិច្ច ដើម្បីជួយកម្ពុជា ពីវិបត្តិជំងឺកូវីដ១៩។ លោកបានបន្តថា ចង្កោមសកម្មភាពទាំងនោះរួមមាន៖ ការធ្វើឲ្យប្រសើរឡើងគុណភាព និងភាពងាយស្រួលក្នុងការទទួល បានសេវាសុខាភិបាលតាមមន្ទីរពេទ្យ, ការលើកកម្ពស់យេនឌ័រ និងពិការភាព, ការជំរុញផលិតកម្មស្បៀង, ការគាំទ្រដល់ការផ្លាស់ប្តូរប្រភពថាមពល និងការចូលរួមរបស់ប្រជាពលរដ្ឋ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩។

ទន្ទឹមនឹងនេះដែរ ក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្រ្តី ឈៀង យ៉ាណា​រ៉ា និងឯកអគ្គរាជទូត បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ដើម្បីធានាប្រសិទ្ធិភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍ សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា អូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍បុរេសកម្មមួយ ដែលបានចាត់វិធានការតាំងពីដើមដំបូង ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការជួយរបស់អូស្ត្រាលី ពិសេសសកម្មភាពអាទិភាព ដែលផ្តោតលើវិស័យសំខាន់ទាំង៣ ដែលមានសង្គតិភាពជាមយយនឹងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩៕

អត្ថបទ៖ លីនី