សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកាវិនិយោគជាង ៣ ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍នៅខេត្តទាំង ៤ នៃកម្ពុជាក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV DTA)
សេដ្ឋកិច្ច December 10, 2020 Chan Sreyny

ក្នុងសន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTA) លើកទី១១ តាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងគោលដៅសម្រេចឱ្យបានតាមផែនការមេ និងផែនការសកម្មភាពនានាដែលយើងបានដាក់ចេញដើម្បីប្រែក្លាយតំបន់នេះឱ្យក្លាយជាតំបន់មួយមានការអភិវឌ្ឍន៍ពិតប្រាកដ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាវិនិយោគនៅខេត្តទាំង ៤ នៃកម្ពុជាក្នុងតំបន់ CLV DTA សរុបអស់ប្រមាណជា ៣១៤៦ លានដុល្លារគិតត្រឹមខែតុលា ឆ្នាំ ២០២០ លើគម្រោងចំនួន ៨៦ ដែលក្នុងនោះគម្រោងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមានចំនួន ៦៦ គម្រោងដែលបានបង្កើតឱកាសការងារចំនួន ១២,១៦៧៩ ជូនប្រជាជននៅក្នុងតំបន់។

ជាលទ្ធផលសរុបក្នុងស្រុកសម្រាប់ខេត្តទាំង ៤ របស់កម្ពុជាក្នុងតំបន់ CLV DTA មានការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណជា ១២% ក្នុងឆ្នាំ ២០២០ នេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ កន្លងទៅ ដោយនេះគឺជាមោទនភាពដែលយើងទទួលបាន។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេស CLV ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងគ្រឿងញៀនបទល្មើសឆ្លងដែន បទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ក៏ដូចជាការបោសសម្អាតមីនព្រមទាំងការជួយសម្រួលដល់ការឆ្លងកាត់ព្រំដែនរបស់អ្នកដំណើរ។ នៅក្នុងកិច្ចប្បជុំនេះដែរ ថ្នាក់ដឹកនាំប្រទេសកម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA) ជាមួយនឹងទស្សនៈក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពសង្គម-វប្បធម៌ ដោយទាញយកនូវសក្តានុពល កម្លាំង និងធនធានរបស់ប្រទេសសមាជិកនីមួយៗ។

ថ្នាក់ដឹកនាំបានទទួលស្គាល់ថា ជំងឺកូវីដ-១៩ បាននាំមកនូវការរំខានយ៉ាងធំធេងដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ច-សង្គមដូច្នេះការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសសមាជិកទាំងបីគឺមានសារៈសំខាន់ និងចាំបាច់ដោយផ្តោតលើទំនាក់ទំនងប្រពៃណី សាមគ្គីភាព ការយោគយល់ ការជឿជាក់ អត្ថប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្នាក់ដឹកនាំទាំងអស់ បានកត់សម្គាល់ជាវិជ្ជមានលើការងារគណៈកម្មាធិការសម្របសម្រួលចំរុះកម្ពុជា-ឡាវ-វៀតណាម ក្នុងការអនុវត្តផែនការមេដែលបានកែសម្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម សម្រាប់ឆ្នាំ ២០១០-២០២០។ ថ្នាក់ដឹកនាំបន្តលើកទឹកចិត្តក្នុងការសហការដោយជិតស្និទ្ធរវាងប្រទេសសមាជិក CLV ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ សាសនា កសិកម្ម ព័ត៌មានវិទ្យា អប់រំ ការស្រាវជ្រាវ ការអភិវឌ្ឍជំនាញ ការការពារ ព្រមទាំងទំនាក់ទំនងសហប្រតិបត្តិការរវាងថ្នាក់នីតិប្បញ្ញត្តិជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១១ បានអនុម័តលើឯកសារមួយចំនួន ដែលក្នុងរួមមាន ១- សេចក្តី ថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល CLV លើកទី១១។ ២- ផែនការអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍នៅក្នុង CLV DTA និង ៣- ផែនការអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មកៅស៊ូប្រកបដោយចីរភាពក្នុង CLV DTA៕

ប្រភព៖ ក្រសួងព័ត៌មាន