យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី០៨ ខែធ្នូ កន្លងទៅនេះ បានឲ្យដឹងថា រដូវប្រមូលផលមៀនប៉ៃលិន បង្កើតការងារជូនដល់ប្រជាពលរដ្ឋចំណាកស្រុកបានច្រើន ហើយទទួលប្រាក់ឈ្នួលខ្ពស់ទៀតផង។ លោក កេន ចក់ ជាប្រជាពលរដ្ឋនៅក្នុងស្រុកកំចាយមារ ខេត្ដព្រៃវែង ដែលបានចំណាកស្រុកទៅធ្វើជាកម្មករ បេះផ្លែមៀន ប៉ៃលិន នៅក្នុងទឹកដីខេត្តប៉ៃលិនបានឱ្យដឹងថា ការទៅបេះមៀនប៉ៃលិននេះ គឺមានគ្នា ៦នាក់ ហើយក្នុងម្នាក់អាចរកចំណូល ពីការបេះមៀននេះ ចន្លោះពី ៨ម៉ឺន ដល់១០ម៉ឺនរៀល ក្នុងមួយថ្ងៃ។
លោកបានបន្តឲ្យដឹងថា ក្នុងរដូវប្រមូលផលមៀនប៉ៃលិននេះម្ដងៗ ម្ចាស់ចម្ការតែងតែហៅទូរសព្ទឱ្យទៅបេះផ្លែមៀនជារៀងរាល់ឆ្នាំ ដោយម្ចាស់ចម្ការផ្ដល់ទាំងកន្លែងស្នាក់នៅ ទឹក ភ្លើង ដោយមិនគិតថ្លៃទៀតផង។ ដូចគ្នានេះដែរ លោកស្រី នី តា ជាអ្នកនៅរស់ខេត្តបាត់ដំបង ដែលទៅបេះផ្លែមៀនប៉ៃលិន ក្នុងខេត្តប៉ៃលិនដែរនោះ បានឱ្យដឹងផងដែរថា ក្រុមគ្រួសារលោកស្រី បានទៅបេះមៀនប៉ៃលិននេះរយៈពេល ២ឆ្នាំហើយ ដែលកន្លងមកធ្លាប់តែបេះមៀននៅឯប្រទេសថៃ។

ស្រី្តរូបនេះបន្ដថា ការងារបេះផ្លែមៀននេះ គឺទទួលបានប្រាក់កម្រៃខ្ពស់ មានភាពងាយស្រួល ជាងការងារចំណាកស្រុកដូចជា ចំណេញពេលវេលា កាត់បន្ថយការចំណាយ និងមិនប្រឈមបញ្ហាផ្សេងៗផងដែរ ហើយក្រោយពីការបេះមៀនប៉ៃលិនក្នុងមួយរដូវ គឺបានជួយសម្រួល និងដោះស្រាយជីវភាពគ្រួសារបានល្អប្រសើរមួយកម្រិត។

ទន្ទឹមនឹងនេះដែរលោក សារ ចំរើន ទីប្រឹក្សាសហគមន៍មៀនប៉ៃលិនបានឱ្យដឹងថា សមាគមមៀនប៉ៃលិនក្នុងមួយឆ្នាំ ស្រូបកម្លាំងពលកម្ម ប្រមាណ១០ម៉ឺននាក់ ដែលក្នុងមួយចម្ការត្រូវការមនុស្សពី៥ ទៅ៩នាក់ក្នុងមួយថ្ងៃ។ លោកបានបញ្ជាក់ថា សមាគមមៀនប៉ៃលិន នឹងត្រូវការកម្លាំងពលកម្មកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីមៀនប៉ៃលិនមានច្បាប់ក្នុងការនាំចេញទៅប្រទេសចិន នាពេលខាងមុខ។ សូមបញ្ជាក់ថា បច្ចុប្បន្នផ្ទៃដីប្រមូលមៀនប៉ៃលិន ក្នុងខេត្តប៉ៃលិន មានទំហំជាង៤.៤០០ហិកតា និងប្រមូលផលបាន ប្រមាណ ២៥,០០០តោន ក្នុងមួយរដូវ៕

ប្រភព៖ ក្រសួងព័ត៌មាន


