ការផ្គត់ផ្គង់ភ្លើងនឹងល្អជាងមុន ខណៈស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ៣ គ្រោងនឹងបង្កើតថាមពលនៅដើមឆ្នាំក្រោយ
សេដ្ឋកិច្ច December 8, 2020 Khmernote

ស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ៣ នឹងចាប់ផ្តើមបង្កើតថាមពល និងភ្ជាប់បណ្តាញអគ្គិសនីនៅដើមឆ្នាំក្រោយ ព្រោះបច្ចុប្បន្នគម្រោងនេះបានបញ្ចប់ ៩០ ភាគរយហើយ ដែលនេះនឹងធ្វើឲ្យការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជាមានភាពល្អប្រសើរជាងមុន។ យោងតាមការចេញផ្សាយដោយក្រសួងព័ត៌មានកាលពីម្សិលមិញនេះបានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ៣ ត្រូវបានអនុម័តកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ឯកឧត្ដម វិចទ័រ ហ្សូនា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា វិនិយោគិនចង់បញ្ចប់ការសាងសង់ដែលគ្រោងនឹងបង្កើតថាមពលសម្រាប់បណ្តាញអគ្គិសនី។

ឯកឧត្តមបានបន្តថា គម្រោងសាងសង់ស្ថានីយថាមពលព្រះអាទិត្យបានបញ្ចប់ជាង ៩០ ភាគរយហើយ ដូចដែលបានគ្រោងទុកស្ថានីយទាំង ៣ នឹងផលិតថាមពលនៅត្រីមាសទី១ ឆ្នាំ ២០២១។ សូមជម្រាបថា គម្រោងទាំង ៣ នោះ គឺរោងចក្រថាមពលពន្លឺព្រះអាទិត្យមានកម្លាំង ២០ មេហ្គាវ៉ាត់វិនិយោគដោយក្រុមហ៊ុន Green Sustainable Ventures Co., Ltd មានទីតាំងស្ថិតនៅក្រុងបាវិតខេត្តស្វាយរៀង រោងចក្រថាមពលពន្លឺព្រះអាទិត្យ ៣០ មេហ្គាវ៉ាត់នៅស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យវិនិយោគដោយក្រុមហ៊ុន Ray Power Supply Co,. Ltd. និងរោងចក្រថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅស្រុកថ្មគោលខេត្តបាត់ដំបងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Risen Energy Co., Ltd។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានប្រភពថាមពលកកើតឡើងវិញពីស្ថានីយថាមពលព្រះអាទិត្យរួមមាន កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ១០ មេហ្គាវ៉ាត់នៅក្រុងបាវិតខេត្តស្វាយរៀង ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ៨០ មេហ្គាវ៉ាត់នៅខេត្តកំពង់ស្ពឺ ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅខេត្តកំពង់ឆ្នាំង ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ៥ មេហ្គាវ៉ាត់នៅបាវិត និងស្ថានីយថាមពល ៣០ មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់៕

ប្រភព៖ ក្រសួងព័ត៌មាន