ការនាំចេញរបស់ចិន កើនឡើងយ៉ាងគំហុកនៅចុងឆ្នាំនេះខណៈទំនិញទាំងនេះកំពុងមានតម្រូវការខ្ពស់
សេដ្ឋកិច្ច December 8, 2020 Chan Sreyny

ការនាំចេញរបស់ចិន បានកើនឡើងក្នុងខែវិច្ឆិកា ដែលជាការកើនឡើងច្រើនបំផុតចាប់តាំងពីដើមឆ្នាំ ២០១៨ ដោយជំរុញអតិរេកពាណិជ្ជកម្មរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតប្រចាំខែ និងបានគូសបញ្ជាក់ឱ្យឃើញថាតម្រូវការសកលសម្រាប់ទំនិញទាក់ទងនឹងជំងឺរាតត្បាត Covid-19 កំពុងគាំទ្រដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។ ក្រុមហ៊ុនចិន បានដឹកជញ្ជូនទំនិញចំនួន ២៦៨ ពាន់លានដុល្លារក្នុងខែវិច្ឆិកា ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេលមួយខែ ហើយខ្ពស់ជាងខែដូចគ្នាកាលពីឆ្នាំមុនជាង ២១% ។ កំណើននៃការនាំចូលបានធ្លាក់ចុះដល់ ៤.៥% ដែលធ្វើឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៧៥.៤ ពាន់លានដុល្លារដែលជាចំនួនច្រើនបំផុតក្នុងកំណត់ត្រាកាលពីឆ្នាំ ១៩៩០ ។

តម្រូវការសកលបានចាប់ផ្តើមស្ទុះងើបឡើងវិញ មុនពេលលេចចេញជាថ្មីនូវករណីជំងឺ Covid-19 នៅក្នុងទីផ្សារនាំចេញធំបំផុតមួយចំនួនរបស់ចិនរួមទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបដែលជាការអភិវឌ្ឍដែលអាចជំរុញតម្រូវការបន្ថែមសម្រាប់ឧបករណ៍ការពារផ្ទាល់ខ្លួនដែលផលិតដោយចិន និងឧបករណ៍ធ្វើការពីផ្ទះ។ គួបផ្សំជាមួយនឹងការកើនឡើងនៃការប្រើប្រាស់ និងការវិនិយោគក្នុងស្រុករបស់ប្រទេសចិនផងដែរក្រុមអ្នកវិភាគក៏បានលើកឡើងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែបន្តដើរទៅមុខទៀតនៅក្នុងខែវិច្ឆិកា។

ការនាំចេញឧបករណ៍វេជ្ជសាស្រ្តក្នុងរយៈពេលខែមករា ដល់ខែវិច្ឆិកា បានកើនឡើង ៤២.៥% គិតជាដុល្លារបើធៀបនឹងឆ្នាំមុន ខណៈដែលការដឹកជញ្ជូនគ្រឿងអេឡិចត្រូនិចក្នុងខែវិច្ឆិកា មានការកើនឡើង ២៥% បើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលរ៉ែដែកក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ បានកើនឡើងជិត ១០.៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ខណៈការទិញសណ្តែកពីបរទេសបានកើនឡើង ១៧.៥% ។

គួរឱ្យដឹងផងដែរថា សូចនាករនាំមុខនៃពាណិជ្ជកម្មដូចជាថ្លៃដឹកទំនិញ និងការបញ្ជាទិញនាំចេញនៅក្នុងការស្ទង់មតិរបស់អ្នកគ្រប់គ្រងការទិញរបស់ចិននៅតែមានភាពរឹងមាំដែលបង្ហាញថា ការអនុវត្តការនាំចេញរឹងមាំអាចមាននិរន្តរភាពដល់ឆ្នាំថ្មី៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand