រដ្ឋាភិបាលជប៉ុន ត្រៀមកញ្ចប់ថវិកាថ្មីជាង ៧០០ លានដុល្លារ ដើម្បីរក្សាអាជីវកម្ម ការងារ និងសេដ្ឋកិច្ចដែលនៅតែរងការគំរាមកំហែងពីជំងឺ Covid-19
សេដ្ឋកិច្ច December 8, 2020 Khmernote

លោកនាយករដ្ឋមន្រ្តី Yoshihide Suga បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុននឹងចងក្រងកញ្ចប់សេដ្ឋកិច្ចបន្ថែមដែលមានតម្លៃ ៧៣.៦ ទ្រីលានយ៉េន (៧០៧ ពាន់លានដុល្លារ) ដើម្បីជួយបន្ធូរបន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃជំងឺរាតត្បាត។ លោក Suga បាននិយាយនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាល និងគណបក្សកាន់អំណាចថា៖ « យើងនឹងរក្សាការងារ រក្សាអាជីវកម្ម ធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ និងបើកផ្លូវឆ្ពោះទៅរកកំណើនរួមទាំងតាមរយៈបច្ចេកវិទ្យាបៃតង និងឌីជីថល ដោយគណៈរដ្ឋមន្រ្តីរបស់លោកត្រូវបានកំណត់ ដើម្បីអនុម័តសកម្មភាពនេះនៅពេលក្រោយ »។

ទន្ទឹមនឹងនេះដែរប្រភពពីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃច័ន្ទថា កញ្ចប់ជំនួយបន្ថែមរបស់រដ្ឋាភិបាលជប៉ុននឹងមានតម្លៃ ៧៣ ទ្រីលានយ៉េន (៧០០ កោដិដុល្លារ) ខណៈដែលប្រទេសនេះនៅតែបន្តដោះស្រាយជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពីការរាតត្បាតវីរុស Covid-19។ ជាមួយគ្នានេះ ការចំណាយថវិកាដើម្បីអនុវត្តកញ្ចប់ ដែលគណៈរដ្ឋមន្រ្តីត្រូវបានគេរំពឹងថានឹងអនុម័តនៅថ្ងៃអង្គារនេះនឹងមានចំនួនសរុបប្រមាណ ៣០ លានលានយ៉េន ដើម្បីផ្តល់ហិរញ្ញប្បទាន ដោយថវិកាបន្ថែមទី៣ របស់រដ្ឋាភិបាលសម្រាប់ឆ្នាំសារពើពន្ធ២០២០ រហូតដល់ខែមីនា និងថវិកាដំបូងសម្រាប់ឆ្នាំ ២០២១។

ប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា កញ្ចប់នេះនឹងរួមបញ្ចូលទឹកប្រាក់ចំនួន ៥.៩ ទ្រីលានយ៉េនសម្រាប់វិធានការដែលទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ គួរបញ្ជាក់ផងដែរថា កញ្ចប់គោលនយោបាយដំបូងក្រោមការគ្រប់គ្រងរបស់លោក Suga ដែលចូលកាន់តំណែងនៅខែកញ្ញា បានកើតឡើងនៅពេលដែលប្រទេសជប៉ុនបានលេចចេញជាថ្មីនូវការឆ្លងរាល់ដាលនៃវីរុស Covid-19 ដែលមានករណីថ្មីឡើងដល់ ២៥០០ នៅចុងខែវិច្ឆិកា ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើបញ្ហាប្រព័ន្ធសុខាភិបាល៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews