យោងតាមក្រុមប្រឹក្សាលើកកម្ពស់ទេសចរណ៍ម៉ាឡេស៊ីបានឱ្យដឹងថា ការមកដល់នៃភ្ញៀវទេសចរក្នុងខែមករា ដល់ខែកញ្ញា ក្នុងឆ្នាំនេះបានធ្លាក់ចុះ ៧៨.៦% ស្នើនឹង ៤.៣ លាននាក់ពី ២០.១ លាននាក់កាលពីឆ្នាំមុន ដោយសារការរីករាលដាលនៃជំងឺ Covid-19 ។ ក្រុមប្រឹក្សាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណូលរបស់ម៉ាឡេស៊ីសម្រាប់រយៈពេលនេះក៏បានធ្លាក់ចុះ ៨០.៩% ស្មើនឹង ១២.៦ ពាន់លានរីងហ្គីដ (៣.១ ពាន់លានដុល្លារអាមេរិក) ពីចំនួន ៦៦.១ ពាន់លានរីងហ្គីដនៅក្នុងឆ្នាំ ២០១៩ ។
ស្របតាមនិន្នាការធ្លាក់ចុះនេះ ការចំណាយរបស់អ្នកទេសចរម្នាក់ៗបានធ្លាក់ចុះ ១០.៧% មកនៅត្រឹម ២,៩៣៨ រីងហ្គីដពីខែមករា ដល់ខែកញ្ញា ពី ៣,២៨៩ រីងហ្គីតកាលពីឆ្នាំមុន។ បើនិយាយពីចំនួនភ្ញៀវទេសចរប្រចាំថ្ងៃមកប្រទេសម៉ាឡេស៊ីវិញ មានចំនួនភ្ញៀវទេសចរសរុប ១.៧៣ លាននាក់ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២០ ដែលមានការថយចុះ ៧៤.៩% បើប្រៀបធៀបទៅនឹងអ្នកទេសចរ ៦.៩១ លាននាក់ដែលបានមកលេងប្រទេសម៉ាឡេស៊ីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឱ្យដឹងផងដែរថា ចំនួនភ្ញៀវទេសចរដែលបានបន្តធ្លាក់ចុះគឺដោយសារតែការបិទព្រំដែនអន្តរជាតិចាប់តាំងពីខែមីនា ដែលជាផ្នែកមួយនៃការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅប្រទេសម៉ាឡេស៊ី៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


