ប្រទេសឡាវបង្ខំចិត្តបិទតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់របស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19
សេដ្ឋកិច្ច December 7, 2020 Khmernote

យោងតាមការចុះផ្សាយដោយសារព័ត៌មានបរទេសបានឲ្យដឹងថា គណៈកម្មាធិការជាតិពិសេសនៃប្រទេសឡាវសម្រាប់ការការពារ និងត្រួតពិនិត្យ​វីរុស ទប់ស្កាត់ Covid-19 បានប្រកាសពីការបិទតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងជើងនៃខេត្ត Luang Namtha ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសរាតត្បាត Covid-19។ តាមប្រភពដដែលបានឲ្យដឹងថា បទបញ្ជាបិទតំបន់សេដ្ឋកិច្ចពិសេសនេះត្រូវបានដាក់ចេញបន្ទាប់ពីជនអន្តោប្រវេសន៍ខុសច្បាប់ជនជាតិចិនពីរនាក់ត្រូវបានធ្វើតេស្តិ៍វិជ្ជមានវីរុស Covid-19 ដោយបាន ពួកគេបានចូលទៅកាន់ប្រទេសឡាវ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា តាមផ្លូវទឹកកាត់ស្រុក Tonpheung នៃខេត្ត Bokeo នៅចុងខែវិច្ឆិកា។

គណៈកម្មាធិការជាតិពិសេសរបស់ប្រទេសឡាវ បានបញ្ជាឲ្យបិទ​ Tonpheung និងតំបន់សេដ្ឋកិច្ចពិសេស Boten ទាំងមូលរយៈពេល ១៤ ថ្ងៃ រួមទាំងបានធ្វើតេស្តលើជនសង្ស័យទាំងអស់នៃវីរុស Covid-19 ចាប់ពីថ្ងៃទី ៥ ធ្នូ ផងដែរ។ ទន្ទឹមនឹងនេះ គណៈកម្មាធិក៏បានស្នើសុំឱ្យមានការអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍បង្ការនៃការការពារវីរុសរាតត្បាត និងការធ្វើតេស្តលើមនុស្សទាំងអស់ដែលបង្ហាញរោគសញ្ញា Covid-19 ឬ មានគ្រុនក្តៅ។ គួរបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី៥ ខែធ្នូ ប្រទេសឡាវបានរាយការណ៍អំពីករណីឆ្លងជំងឺ Covid-19 ចំនួន ១៩ករណី ក្នុងនោះមានអ្នកជំងឺចំនួន ១៣ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពនៅទីក្រុងវៀងចន្ទន៍៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus