យោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក The Thaiger នាថ្ងៃនេះបានឲ្យដឹងថា ប្រភេទអង្ករផ្កាម្លិះ 105 របស់ប្រទេសថៃទទួលបានចំណាត់លេខ១ ក្នុងការប្រកួតប្រជែងអង្ករល្អបំផុតលំដាប់ពិភពលោកឆ្នាំ២០២០។ ការប្រកួតប្រជែងអង្ករដ៏ល្អបំផុតនេះ ធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃសន្និសីទអង្ករពិភពលោកលើកទី១២ ដែលរៀបចំឡើងតាមអ៉ីនធឺណេតនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ខណៈចៅក្រមស្វែងរកអង្ករដែលមានរសជាតិឈ្ងុយឆ្ងាញ់បំផុតរបស់ពិភពលោក ហើយបានផ្តល់រង្វាន់កំពូលដល់អង្ករផ្កាម្លិះ 105 របស់ប្រទេសថៃ។
ចាប់តាំងពីសមាគមអ្នកនាំចេញអង្ករថៃបានបន្ថែមប្រភេទអង្ករផ្កាម្លិះ 105 ចូលទៅក្នុងការប្រកួតមក អង្ករប្រភេទ ផ្កាម្លិះ 105 ត្រូវបានគេចាត់ទុកថាជាល្អបំផុតនៅលើពិភពលោក បន្ទាប់ពីទទួលបានពិន្ទុខ្ពស់ជាងគេក្នុងលក្ខណៈវិនិច្ឆ័យទាំងអស់រួមមាន រសជាតិ ក្លិន វាយនភាព និងរូបរាង។ នៅក្នុងប្រទេសថៃ អង្ករផ្កាម្លិះ 105 ត្រូវបានគេហៅថាជា hom mali ឬ ហៅដោយឈ្មោះកសិកម្ម Khao Dawk Mali 105។ អង្ករប្រភេទនេះបានឈ្នះការប្រកួតអង្ករល្អបំផុតនៅលើពិភពលោកកាលពីឆ្នាំ២០១៧ ប៉ុន្តែត្រូវបានទម្លាក់ដោយប្រទេសកម្ពុជា ហើយបន្ទាប់មកប្រទេសវៀតណាមនៅក្នុងឆ្នាំកន្លងមក។

យ៉ាងណាមិញនៅក្នុងឆ្នាំនេះដែរ បើយោងតាមសារព័ត៌មានក្នុងស្រុក vietnamplus នាថ្ងៃនេះបាឲ្យដឹងថា អង្ករប្រភេទ ផ្កាម្លិះ 105 ទទួលបានចំណាត់ថ្នាក់ទី១ ជាអង្ករល្អបំផុតលំដាប់ពិភពលោកឆ្នាំ២០២០ ខណៈអង្ករវៀតណាមប្រភេទ ST25 ទទួលបានចំណាត់ទី២ និងអង្ករកម្ពុជាទទួលបានចំណាត់ទី៣៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger ,vietnamplus


