យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី០៣ ខែធ្នូ ថ្មីៗនេះបានឲ្យដឹងថា ការតំឡើងសូឡា PV នៅលើកោះរ៉ុងសន្លឹមត្រូវបានគេរំពឹងថា នឹងផ្ដល់ថាមពលប្រើប្រាស់បាននៅខែមេសាខាងមុខនេះ។ សូឡា photovoltaic ដែលហៅកាត់ថា (PV) ត្រូវបានតម្លើងនៅលើកោះរ៉ុងសន្លឹម ដែលជាមជ្ឈមណ្ឌលទេសចរណ៍មួយនៅឯឆ្នេរនៃក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុដែលជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រចំនួនបួនរបស់ប្រទេសកម្ពុជា។ បើតាមក្រសួងបានឲ្យដឹងថា កាលពីពេលដើមសប្ដាហ៍មុន ក្រុមហ៊ុនចែកចាយថាមពលពន្លឺព្រះអាទិត្យ Distributed Generation (DG) បានឲ្យដឹងថា ខ្លួនបានចាប់ដៃគូជាមួយក្រុមហ៊ុន Canopy Power Pte Ltd ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរីដើម្បីសំរេចគំរោងបង្កើតបណ្តាញអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ និងស្តុកនៅប្រទេសកម្ពុជា។
ក្នុងនាមជាអ្នកម៉ៅការផ្នែកវិស្វកម្មលទ្ធកម្មនិងសាងសង់ ក្រុមហ៊ុន Canopy Power នឹងសាងសង់ឧទ្យាន solar photovoltaic ដែលមានកម្លាំង ១.២៥ មេហ្កាវ៉ាត់ និងកន្លែងផ្ទុកថាមពល ២ មេហ្គាវ៉ាត់ម៉ោង រួមបញ្ចូលជាមួយម៉ាស៊ីនម៉ាស៊ូត និងឧបករណ៍គ្រប់គ្រងឆ្លាតវៃ។ យ៉ាងណាមិញនៅពេលគម្រោងត្រូវបានបញ្ចប់ ក្រុមហ៊ុន Total Solar DG នឹងគ្រប់គ្រងនិងដំណើរការបណ្តាញអគ្គិសនីបន្ទាប់ពីត្រូវបានប្រគល់ឱ្យ ដោយបណ្តាញអគ្គិសនីខ្នាតតូចដែលត្រូវបានបង្កើតឡើងនឹងត្រូវសាងសង់នៅលើកោះរ៉ុងសន្លឹម។

គួរបញ្ជាក់ផងដែរថា យោងតាមក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យបារាំងបានឲ្យដឹងថា សហគ្រាសទេសចរណ៍នៅលើកោះបច្ចុប្បន្នពឹងផ្អែកលើម៉ាស៊ីនភ្លើងម៉ាស៊ូតរបស់ពួកគេដែលបាននាំយកពីដីគោក។ ហើយយោងតាមក្រុមហ៊ុនដដែល បណ្តាញអគ្គិសនីថ្មីអាចកាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូតរបស់កោះនេះបានច្រើនជាង ៦០ ម៉ឺនលីត្រក្នុងមួយឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន


