យោងតាមការស្ទង់មតិរបស់កសិករនៅតំបន់ដាំផ្លែឈើនៅភាគខាងកើតនៃប្រទេសថៃ បានបង្ហាញថា កសិករភាគច្រើនមានផែនការផ្លាស់ប្ដូរទៅរកការដាំដំណាំទុរេននៅឆ្នាំក្រោយវិញ ជំនួសដំណាំដែលពួកគេដាំសព្វថ្ងៃ។ ប្រភពដដែលបានឲ្យដឹងតាមរយៈសារព័ត៌មាន nationthailand ថា មូលហេតុដែលធ្វើឲ្យកសិករងាកទៅរកដំណាំទុរេន គឺដោយសារតែតម្រូវការទាំងក្នុង និងក្រៅស្រុកបានធ្វើឲ្យតម្លៃទុរេនកើនឡើងខ្លាំងជាងដំណាំដទៃ។ ការិយាល័យស្ទង់មតិបានពន្យល់ថា តម្លៃទុរេនមានតម្លៃខ្ពស់ណាស់ក្នុងរយៈពេល ៦ ឬ ៧ ឆ្នាំកន្លងមកនេះ ដែលធ្វើឱ្យទុរេនក្លាយជាផ្លែឈើពេញនិយមក្នុងចំណោមផ្លែឈើក្នុងស្រុក មិនតែប៉ុណ្ណោះទុរេនថៃបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អតិថិជនចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែលធ្វើឱ្យតម្លៃរបស់វាកើនឡើង។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០២១ ខេត្ត Chanthaburi, Rayong និង Trat នឹងផលិតបានផលប្រមាណ ១។៦ លានតោននៃដំណាំផ្លែឈើធំៗ ចំនួន ៤ គឺទុរេន មង្ឃុត សាវម៉ាវ និងឡុងកុង។ ជាមួយគ្នានេះដែរការប្រមូលផលឆ្នាំ ២០២១ ត្រូវបានគេរំពឹងថា នឹងមានទំហំធំជាងឆ្នាំនេះ ៧.១១%។ ក្នុងនោះបរិមាណកើនឡើងខ្លាំងជាងគេគឺទុរេន (១១.៤២%) បន្ទាប់មកគឺមង្ឃុត (៤.០៥%) និងឡុងកុង (០.៥២%)។ ដោយឡែកការប្រមូលផលសាវម៉ាវត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះ ០.៣៤% ខណៈតម្លៃរបស់ផ្លែសាវម៉ាវបានធ្លាក់ចុះ ហើយថ្លៃដើមនៃការប្រមូលផលផ្លែក៏ខ្ពស់ដែរនៅក្នុងឆ្នាំនេះ តែបង្ខំឲ្យអ្នកដាំសម្រេចចិត្តដកដើមសាវម៉ាវរបស់ពួកគេហើយប្តូរទៅដំណាំផ្សេងទៀត៕




អត្ថបទ៖ លីនី
ប្រភព៖ nationthailand


