កម្មករដែលរងការវាយប្រហារដោយជំងឺ Covid-19 ជាង ៣ ភាគ ៤ នៅក្នុងប្រទេសឥណ្ឌូនេស៊ីវិលត្រឡប់ចូលធ្វើការវិញ បើទោះបីជាការឆ្លងថ្មីនៃជំងឺនេះបន្តកើនឡើងក៏ដោយ
សេដ្ឋកិច្ច December 4, 2020 Chan Sreyny

យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីលោកស្រី Sri Mulyani បានឲ្យដឹងថា កម្មករជាង ៣/៤ នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលត្រូវចាកចេញពីការងាររបស់ពួកគេចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត Covid-19 បានវិលត្រឡប់ចូលធ្វើការវិញ។ លោកស្រី Mulyani មានប្រសាសន៍ថា « តួលេខនេះ ផ្អែកលើការស្ទង់មតិរបស់ធនាគារពិភពលោកលើផលប៉ះពាល់នៃជំងឺរាតត្បាតពីខែឧសភា ដល់ខែសីហា ឆ្នាំ ២០២០ »។ លោកស្រីបន្តថា «​ប្រជាជនប្រហែល ៧០% នៃប្រជាជនរបស់ប្រទេសនេះបានបន្តការងាររបស់ពួកគេដូចមុនពេលដែលជំងឺរាតត្បាតបានផ្ទុះឡើង »។

យោងតាមស្ថិតិឥណ្ឌូនេស៊ីប្រជាជន ២៩.១២ លាននាក់ដែលស្ថិតក្នុងអាយុធ្វើការនៅឥណ្ឌូនេស៊ីរងផលប៉ះពាល់ដោយជំងឺ Covid-19 ក្នុងខែសីហា ខណៈចំនួនអ្នកអត់ការងារធ្វើមាន ៩.៧៧ លាននាក់កើនឡើង ២.៦៧ លាននាក់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងបាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ច រួមទាំងការពង្រឹងផលិតកម្មដើម្បីបង្កើតការងារបន្ថែមទៀត។ អស់រយៈពេលជាច្រើនឆ្នាំកម្មវិធីស្តារសេដ្ឋកិច្ចជាតិ (PEN) បានបង្ហាញពីប្រសិទ្ធភាពរបស់ខ្លួនក្នុងការកាត់បន្ថយភាពក្រីក្រ ដោយជួយប្រជាជនឥណ្ឌូនេស៊ីប្រមាណ ៣.៤៣ លាននាក់ឱ្យរួចផុតពីភាពក្រីក្រ។

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១ ខែធ្នូ ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា មានករណីឆ្លងជំងឺ Covid-19 ចំនួន ៥៤៣,៩៧៥ ករណីដែលមានអ្នកស្លាប់ចំនួន ១៧,០៨១ នាក់ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងចំនួននៃការឆ្លង និងការស្លាប់៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus