ត្រេកអរណាស់! ការដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចាប់ផ្តើមហើយ ដោយក្រុមហ៊ុនមួយនៅកម្ពុជា
សេដ្ឋកិច្ច December 3, 2020 Khmernote

យោងតាមការបង្ហោះនៅលើផេកផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មុននេះបន្តិចបានឲ្យដឹងថា ការចាប់ផ្តើមដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចាប់ផ្តើមហើយ ដោយក្រុមហ៊ុន ហ៊ុនទី នៅកម្ពុជា។ តាមការបញ្ជាក់របស់ក្រុមហ៊ុននាពេលព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ក្រោយពីបញ្ចប់នៃការសាងសង់ និងដំឡើងឧបករណ៍សម្លាប់សមាសភាពចង្រៃ (ពងរុយ) នៅក្នុងផ្លែស្វាយរួចរាល់មក ក្រុមហ៊ុនបានចាប់ផ្តើមដឹកជញ្ជូនស្វាយពីចំការមកសំអាត និងវេចខ្ចប់ ដោយបានចាប់ផ្តើមបណ្តុះបណ្តាលកម្មករចំនួន ៧០ នាក់ជាបឋម ដោយត្រូវប្រើប្រាស់រយៈពេលបីថ្ងៃ ដើម្បីដាក់បញ្ចូលទៅក្នុងមួយ Container ។

ក្រុមហ៊ុនមានក្តីសង្ឃឹមថា ក្រោយពីទទួលបានបទពិសោធន៍ពីការលៀងសំអាត និងវិចខ្ចប់ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ នឹងជួយដល់ក្រុមហ៊ុនបង្កើនល្បឿននៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ ។ សូមជម្រាបផងដែរថា ក្រុមហ៊ុន ហ៊ុនទី បានចាប់ផ្តើមបោះទុនវិនិយោគ លើការអភិវឌ្ឍវិស័យកសិកម្ម ការលាងសំអាត ការវេចខ្ចប់ ការបង្កើតឃ្លាំងស្តុកត្រជាក់ និងការនាំចេញ ផលិតផលកសិកម្មនៅកម្ពុជា កាលពីឆ្នាំ២០១៧ ក្រោយបានពិនិត្យឃើញនូវឱកាសវិនិយោគលើវិស័យកសិកម្មកម្ពុជា។

ហើយមកទល់ថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនបានសាកល្បងដឹកជញ្ជូនស្វាយស្រស់មួយ Container ដោយត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន ។ ទន្ទឹមនឹងនេះដែរ​សូមបញ្ជាក់ថា ពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយចិន ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០៕

អត្ថបទ៖ លីនី