រយៈពេល ១១ ខែដំបូងនៃឆ្នាំនេះកម្ពុជានាំចេញផលិតផលកសិកម្មបានជាង ៥ លានតោន
សេដ្ឋកិច្ច December 3, 2020 Chan Sreyny

នៅក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ លទ្ធផលនៃការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីអគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះរបស់នាយកដ្ឋានអនាម័យជាតិ អគ្គនាយកដ្ឋានចំការកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក រស់ សេដ្ឋា មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានចំការកៅស៊ូបានឱ្យដឹងនៅរសៀលថ្ងៃ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ថា បរិមាណនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះមានចំនួន ៥,០៥៧,១៨១.៥៤តោន ក្នុងនោះមានផលិតផលកសិកម្មមួយចំនួនមានកំណើនល្អប្រសើរ។

លោកបានបន្តឱ្យដឹងទៀតថា ដំឡូងមីក្រៀមចំនួន ១,៣១២,៩១៣.៣០តោន មានកំណើន ៨.២៦% បើធៀបទៅនឹងឆ្នាំមុន ល្ងចំនួន ៥,៧៩៩.៣៩តោន មានកំណើន ៣៩.៨១% ផ្លែចេកស្រស់ចំនួន ៣០០,១៧៣.៩៨តោន មានកំណើន ១១៦.៩៧% គ្រាប់ស្វាយចន្ទីចំនួន ២១៤,៧២១.២១តោន មានកំណើន ២៦.៥៨% គ្រាប់ពោតចំនួន ១៩៤,៥០០.២៨តោន មានកំណើន ៦៣.៨៥% ផ្លែស្វាយស្រស់ចំនួន ៩០,៨០១.៧៦តោន មានកំណើន ៨៣.៥០% ដំណាប់ស្វាយ ៥,៧៥៥.៨៦តោន ១៥៩.៦០% ម្ទេសស្រស់ចំនួន ៦២,៤៣២.៧៨តោន មានកំណើន ៣៨.០២% ។

ម្ទេសក្រៀម ១,៨០០.០០តោន ការនាំចេញស្មើនឹងឆ្នាំ២០១៩ ម្រេច ៤,៩៨២.៦៥តោន មានកំណើន ៣៩.៣៩% ជ័រកៅស៊ូចំនួន ២៩០,៧០០.០០តោន មានកំណើន ១៨.៣០% គ្រាប់ឈូក ៣,៨១៥.៣៣តោន មានកំណើន ៤៩.៨៧% ។ សូមបញ្ជាក់ថា ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៦៧ មុខទៅកាន់គោលដៅចំនួន ៤៦ប្រទេស៕

ប្រភព៖ ក្រសួងព័ត៌មាន