យោងតាមការផ្សាយនៅលើទូទស្សន៍ NHK បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងបញ្ឈប់ការលក់រថយន្តប្រើសាំងថ្មីនៅពាក់កណ្តាលឆ្នាំ ២០៣០ នៅពេលដែលប្រទេសនេះកំពុងត្រៀមលក្ខណៈសម្រាប់ភាពបៃតងនាពេលអនាគត។ ប្រភពដដែលបានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ចចង់ងាកចេញពីការលក់យានយន្តដែលដំណើរការទាំងស្រុងលើប្រេងសាំង ទៅជាជំរើសផ្សេងដូចជា រថយន្តកូនកាត់អគ្គិសនី និងឡានចំហេះ។ ជាមួយគ្នានេះដែរក្រសួងរំពឹងថា នឹងអនុម័តគោលដៅរបស់ខ្លួនជាផ្លូវការនៅចុងឆ្នាំនេះ បន្ទាប់ពីការពិភាក្សាដោយក្រុមអ្នកជំនាញ។
គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការសន្យារបស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសជប៉ុនមកត្រឹមសូន្យត្រឹមឆ្នាំ ២០៥០។ ទន្ទឹមនឹងនេះដែរនៅប្រទេសផ្សេងទៀតដូចជា ចក្រភពអង់គ្លេសគ្រោងនឹងហាមឃាត់ការលក់យានយន្តប្រើហ្គាស និងម៉ាស៊ូតថ្មីនៅឆ្នាំ២០៣០ និងរថយន្តកូនកាត់នៅឆ្នាំ ២០៣៥ ខណៈរដ្ឋកាលីហ្វ័រញ៉ា និងបារាំងមានបំណងបញ្ចប់ការលក់រថយន្តឥន្ធនៈហ្វូស៊ីលនៅឆ្នាំ ២០៣៥ និង ២០៤០៕


អត្ថបទ៖ លីនី
ប្រភព៖ nhk


