អាហារសមុទ្រ និងផ្លែឈើកកដែលដឹកជញ្ជូនពីប្រទេសវៀតណាមត្រូវជួបការលំបាកក្នុងការចូលទៅកាន់ប្រទេសចិនជាថ្មីម្ដងទៀត ដោយសារប្រទេសនេះបានអនុវត្តគោលនយោបាយនាំចូលថ្មីដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ Covid-19 ។ អគ្គលេខាធិការនៃសមាគមអ្នកនាំចេញ និងអ្នកផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ទោះបីមានតំរូវការគ្រឿងសមុទ្រក្លាសេនៅក្នុងប្រទេសចិនកើនឡើងក៏ដោយ គោលនយោបាយរឹតបន្តឹងសម្រាប់ការត្រួតពិនិត្យការរាតត្បាត អាចពន្យារពេលការចែកចាយ ដោយការត្រួតពិនិត្យជាចាំបាច់អាចកើនឡើង ៣ដង។
ប្រភពដដែលបានឲ្យដឹងថា ដោយមានការព្រួយបារម្ភថាជំងឺរាតត្បាតអាចនឹងកើតឡើងម្តងទៀតតាមរយៈអាហារដែលបាននាំចូល អាជ្ញាធរក្រុង Shanghai កាលពីពេលថ្មីៗនេះ បានកំណត់ថារាល់អាហារក្លាសេដែលត្រូវបាននាំចូលមានហានិភ័យខ្ពស់ត្រូវតែយកទៅរក្សាទុកនៅឃ្លាំងសម្រាប់ការធ្វើតេស្ត Covid-19 លើកលែងតែមានមេរោគនៅកំពង់ផែ។ ជាមួយគ្នានេះអ្នកនាំចេញទំនិញទៅកាន់ប្រទេសចិន ត្រូវផ្តល់ព័ត៌មានពេញលេញអំពីម្ចាស់យានយន្ត ប្រកាសពន្ធគយ និងប៉ុស្តិ៍ទំនិញ។

លោក Ngo Tuong Vy អនុប្រធានក្រុមហ៊ុន Chanh Thu នីហរ័ណនីហរ័ណ ដែលនាំចេញផ្លែឈើបានឲ្យដឹងថា វិធានការណ៍របស់ចិននឹងបន្ថែមការលំបាកដែលអាជីវកម្មកំពុងប្រឈមមុខ។ ក្នុងនោះថ្លៃដើមនៃអាហារសមុទ្រកកនឹងកើនឡើង ប៉ុន្តែទំនិញទាំងនេះនឹងមិនខូចឡើយ ព្រោះវាអាចត្រូវបានរក្សាទុកនៅកំពង់ផែ។ ចំណែកឯផ្លែឈើវិញអាចរក្សាបានតែត្រជាក់រយៈពេលអតិបរមា ២០ ថ្ងៃប៉ុណ្ណោះ ដែលធ្វើឲ្យអាជីវកម្មវៀតណាមដែលនាំចេញផ្លែស្រកានាគទៅប្រទេសចិន ក៏មានការព្រួយបារម្ភផងដែរដោយសារទីក្រុងសៀងហៃ គឺជាអ្នកនាំចូលដ៏សំខាន់។

គួរបញ្ជាក់ផងដែរថា ប្រទេសចិន គឺជាទីផ្សារនាំចូលធំបំផុតរបស់វៀតណាមដែលមានចំនួន ២៩,៨% នៃការនាំចេញរបស់ខ្លួនក្នុងឆ្នាំ ២០១៩ ។ ប្រទេសវៀតណាមបាននាំចេញនូវផលិតផលកសិកម្ម និងវារីវប្បកម្មដែលមានតម្លៃ ៤១.៣ ពាន់លានដុល្លារទៅកាន់ប្រទេសចិនកាលពីឆ្នាំមុនពោលគឺកើនឡើង ៣.២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាមួយគ្នានេះយោងតាមគយវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញគ្រឿងសមុទ្រដែលមានតម្លៃ ៩៩១ លានដុល្លារទៅកាន់ប្រទេសចិនក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះពោល គឺកើនឡើង ១.១៦% ពីមួយឆ្នាំទៅមួយឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress


