សភារបស់ប្រទេសជប៉ុន បានអនុម័តច្បាប់នៅថ្ងៃពុធ ទី ២ ខែធ្នូ ដើម្បីការពារការចំណាយសម្រាប់ប្រជាជនដែលត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ខណៈក្តីសង្ឃឹមកើនឡើងសម្រាប់ការមកដល់នៃការចាក់វ៉ាក់សាំងដំបូងនេះ បន្ទាប់ពីមានរបាយការណ៍អំពីការរីកចម្រើនថ្មីៗខណៈពេលដែលមានការកើនឡើងនៃការឆ្លងជំងឺរាតត្បាតនេះឡើងវិញ។ សមាជិកសភាដែលជាសភាជាន់ខ្ពស់នៃរដ្ឋសភា បានអនុម័តជាឯកច្ឆន្ទនូវច្បាប់មួយដើម្បីធ្វើវិសោធនកម្មច្បាប់ចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានសន្យាថា នឹងធានាការចាក់វ៉ាក់សាំងការពាជំងឺ Covid-19 សម្រាប់ប្រជាជនប្រមាណ ១២៦ លាននាក់នៅក្នុងឆមាសទី១ នៃឆ្នាំក្រោយ។
ប្រទេសជប៉ុន បានព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថដ៏ធំរបស់សហរដ្ឋអាមេរិក Pfizer Inc ក្រុមហ៊ុនអាមេរិក Moderna Inc និងក្រុមហ៊ុន AstraZeneca Plc របស់ចក្រភពអង់គ្លេសដើម្បីទទួលបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនចំនួន ១៤៥ លាននាក់នៅពេលដែលពួកគេត្រូវបានបង្កើតដោយជោគជ័យ ដោយគ្រោងថវិកាចំនួន ៦៧១.៤ ពាន់លានយ៉េន (៦.៤ ពាន់លានដុល្លារ) សម្រាប់ទិញវ៉ាក់សាំងទាំងនោះ។

ទន្ទឹមនឹងនេះ ច្បាប់ដែលបានធ្វើវិសោធនកម្មនេះមិនបានបញ្ជាក់ច្បាស់ថា តើគម្រោងនេះនឹងរួមបញ្ចូលប្រជាជនបរទេសនៃប្រទេសជប៉ុនទេ ប៉ុន្តែមន្ត្រីក្រសួងសុខាភិបាលបាននិយាយថាពួកគេរំពឹងថា ពួកគេនឹងត្រូវបានគ្របដណ្តប់ដោយផ្អែកលើវ៉ាក់សាំងផ្សេងទៀតដែលផ្តល់ជូនដោយឥតគិតថ្លៃ។

លើសពីនេះទៀត ក្នុងករណីដែលការចាក់វ៉ាក់សាំងបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរច្បាប់ដែលត្រូវបានធ្វើវិសោធនកម្មចែងថា រដ្ឋាភិបាលនឹងចំណាយលើថ្លៃព្យាបាល ដែលជាផ្នែកមួយនៃវិធានការសង្គ្រោះចំពោះការខូចខាតក្នុងនាមអ្នកផ្គត់ផ្គង់វ៉ាក់សាំង។

គួរឱ្យដឹងផងដែរថា ក្នុងការជំរុញការប្រណាំងជាសកលដើម្បីបង្កើនការចាក់វ៉ាក់សាំងដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះក្រុមហ៊ុន Pfizer និងដៃគូអភិវឌ្ឍន៍អាល្លឺម៉ង់ BioNTech SE បានដាក់ពាក្យសុំការយល់ព្រមនៅសហភាពអ៊ឺរ៉ុប បន្ទាប់ពីបានដាក់ពាក្យស្នើរសុំនៅសហរដ្ឋអាមេរិក និងអង់គ្លេស៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews


