ទាំងចំនួនភ្ញៀវទេសចរបរទេស និងចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរនៅតែបន្តធ្លាក់ចុះ គិតមកទល់ពេលនេះធ្លាក់ជិតមួយឆ្នាំពេញតែម្ដង
ទេសចរណ៍ December 1, 2020 Khmernote

ក្នុងរយៈពេល ១១ខែ ដំបូងនៃឆ្នាំ២០២០ នេះ រមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសចូលមកទស្សនាចំនួន ៣៩៩,៧២០ នាក់ ដោយរកចំណូលបាន ១៨,៦០២,២៨៥ ដុល្លារអាមេរិក។ តួលេខនេះត្រូវបានបង្ហាញដោយសហគ្រាសអង្គរដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋទទួលបន្ទុកគ្រប់គ្រងប្រាក់ចំណូលអង្គរ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយជាសាធារណៈនៅព្រឹកមិញនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថាន បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងគឺ ៧៩.៩៩% ខណៈដែលប្រាក់ចំណូលបានធ្លាក់ចុះ ៧៩.២៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលក៏បានបង្ហាញផងដែរថាក្នុងខែវិច្ឆិកា សំបុត្រចូលអង្គរត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសតែ ១,២៣៥ នាក់ប៉ុណ្ណោះធ្លាក់ចុះ ៩៩.៣៦% ដែលរកចំណូលបាន ៥២,២៩៦ ដុល្លារ ធ្លាក់ចុះ ៩៩.៤១% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។ សូមបញ្ជាក់ផងដែរថា វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកដែរ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះជិតមួយឆ្នាំពេញតែម្ដង៕

ប្រភព៖ ក្រសួងព័ត៌មាន