បារាំង អនុញ្ញាតឱ្យហាងមួយចំនួនបើកដំណើរការឡើងវិញបន្ទាប់ពីការឆ្លងជំងឺ Covid-19 ថយចុះ
សេដ្ឋកិច្ច November 30, 2020 Chan Sreyny

រដ្ឋាភិបាលបារាំង បានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតជាដំណាក់កាលៗ។ ចំនួនករណីឆ្លងជំងឺ Covid-19 ថ្មីនៃប្រទេសនេះបានធ្លាក់ចុះទាបជាង ២ ម៉ឺននាក់ក្នុងមួយសប្តាហ៍កន្លងមកនេះ បន្ទាប់ពីបានកើនឡើងដល់ ៦០,០០០ នាក់នៅដើមខែវិច្ឆិកា។ ហាងដែលលក់ទំនិញមិនចាំបាច់នៅក្នុងប្រទេសបារាំង បានបើកដំណើរការឡើងវិញបន្ទាប់ពីប្រទេសនេះបានបើកទ្វារវិញពីការបិទរយៈពេល ១ ខែដោយសារតែជំងឺរាតត្បាត Covid-19 ។

ហាងលក់ប្រដាប់ប្រដាក្មេងលេងនៅប៉ារីស បានបើកដំណើរការឡើងវិញនៅព្រឹកថ្ងៃសៅរ៍ ហើយអតិថិជនបានចូលមកទិញអំណោយ និងការតុបតែងបុណ្យណូអែល។ ម្ចាស់ហាងបាននិយាយថា ការលក់បានធ្លាក់ចុះ ៣០% ពីតួលេខកាលពីឆ្នាំមុនហើយបានសម្តែងក្តីសង្ឃឹមថា នឹងមានភាពល្អប្រសើរឡើងវិញបន្ទាប់ពីមានការបន្ថូរបន្ថយការរឹត្បិត។

ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនិយាយថា រយៈពេល ២ ខែគឺមានសារៈសំខាន់ខ្លាំងណាស់ហើយបានជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកលក់រាយបន្តប្រតិបត្តិការធម្មតាឡើងវិញ។ រដ្ឋាភិបាលបារាំងក៏បានពន្យាពេលការលក់ Black Friday រយៈពេលមួយសប្តាហ៍ផងដែរ បន្ទាប់ពីបានជួបពិភាក្សាជាមួយអ្នកលក់រាយតាមអ៉ីនធឺណេតធំៗ។

គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលគ្រោងនឹងជំនួសការចាក់សោរដោយបម្រាមគោចរពេលយប់នៅថ្ងៃទី ១៥ ខែធ្នូ ប្រសិនបើចំនួនអ្នកឆ្លងថ្មីធ្លាក់ចុះរាល់ថ្ងៃប្រមាណ ៥,០០០ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ nhk