កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ប្រទេសថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទិញវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ២៦ លានដូសដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford ។ វ៉ាក់សាំងនេះត្រូវបានគេរំពឹងថា នឹងចែកចាយនៅពាក់កណ្តាលឆ្នាំ ២០២១ ដែលនឹងផ្ដល់ឱ្យមនុស្សចំនួន ១៣ លាននាក់នៅក្នុងចំណោមប្រជាជនចំនួន ៦៩ លាននាក់ក្នុងប្រទេស។ វិទ្យាស្ថានវ៉ាក់សាំងជាតិរបស់ថៃ បានចុះហត្ថលេខាលើកិច្ចសន្យាទីផ្សារជាមុនដែលមិនអាចសងប្រាក់វិញបានដែលមានតម្លៃ ២.៣៨ ពាន់លានបាត (៧៩ លានដុល្លារ) ជាមួយក្រុមហ៊ុន AstraZeneca ដើម្បីបម្រុងផ្គត់ផ្គង់បេក្ខជនវ៉ាក់សាំង។
កិច្ចព្រមព្រៀងចំនួន ៣.៦៧ ពាន់លានបាត (១២១ លានដុល្លារ) សម្រាប់ការទិញវ៉ាក់សាំងសាកល្បងដែលត្រូវបានគេស្គាល់ថា AZD1222 ត្រូវបានចុះហត្ថលេខាដោយនាយកដ្ឋានត្រួតពិនិត្យជំងឺនៃក្រសួងសុខាភិបាល។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ នាយករដ្ឋមន្រ្តីថៃបានសង្កត់ធ្ងន់ថា ប្រទេសថៃត្រូវតែមានលទ្ធភាពទទួលបានវ៉ាក់សាំងដែលទទួលបានជោគជ័យគ្រប់គ្រាន់មុនពេលកំណត់។ កាលពីខែមុន រដ្ឋាភិបាលថៃបានចុះកិច្ចសន្យាជាមួយសាកលវិទ្យាល័យ Oxford និង AstraZeneca ដើម្បីផលិតវ៉ាក់សាំងនៅក្នុងប្រទេសបន្ទាប់ពីវ៉ាក់សាំងដែលអ្នកទាំងពីរកំពុងអភិវឌ្ឍន៍បានបង្ហាញពីអត្រាប្រសិទ្ធភាពយ៉ាងល្អគឺ ៧០% ទៅ ៩០% ។

គួរឱ្យដឹងផងដែរថា ប្រទេសថៃបានបញ្ជាក់ថាមានករណីឆ្លងជំងឺ Covid-19 ចំនួន ៣,៩៦១ ករណីចាប់តាំងពីខែមករា ក្នុងនោះមានមនុស្សស្លាប់ចំនួន ៦០ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


