បន្ទាប់ពីទទួលបានជោគជ័យនៃគម្រោងជំរុញសេដ្ឋកិច្ច “ Kon La Khreung” (Let’s Go Halves) ដែលទទួលបានការឆ្លើយតបយ៉ាងល្អ នាយករដ្ឋមន្រ្តីថៃបានបញ្ជាក់ថា ដំណាក់កាលទី២ នឹងចាប់ផ្តើមឆាប់ៗនេះ។ ដំណាក់កាលដំបូងនៃយុទ្ធនាការនេះ បានមើលឃើញការចំណាយថវិកាចំនួន ២៥.១៣ ពាន់លានបាត (ជាង ៨៣០ លានដុល្លារ) ចាប់តាំងពីបានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែតុលា។ នាយករដ្ឋមន្ត្រីថៃបានមានប្រសាសន៍ថា ដំណាក់កាលទី២ ឥឡូវនេះកំពុងត្រូវបានពិចារណាដោយមានថវិកាដំបូងចំនួន ៣០ ពាន់លានបាត (ជាង ៩០០ លានដុល្លារ)។
គណៈកម្មាធិការថៃ កំពុងពិចារណាលើលក្ខណៈវិនិច្ឆ័យសម្រាប់ការចុះឈ្មោះជុំទី២ ដោយបញ្ជាក់ថាកម្មករដែលមានប្រាក់ចំណូលទាប និងហាងលក់រាយត្រូវតែជាអាទិភាព។ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Ratchada Thanadirek បាននិយាយថា ក្រសួងហិរញ្ញវត្ថុបានបង្ហាញថាដំណាក់កាលទី២ នឹងចាប់ផ្តើមនៅដើមខែមករា ដោយមានព័ត៌មានលំអិតនៃគ្រោងការណ៍នេះត្រូវបានបញ្ចប់នៅខែធ្នូ។

គួរឱ្យដឹងផងដែរថា អ្នកដែលត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះសម្រាប់ដំណាក់កាលទី១ នឹងចូលរួមដំណាក់កាលទី២ ដោយស្វ័យប្រវត្តិនៅក្នុងលក្ខខណ្ឌដែលពួកគេចំណាយប្រាក់បាតចំនួន ៣,០០០ បាតក្រោមដំណាក់កាលទី១ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


