ចាប់ពីដើមខែធ្នូទៅ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានភ្ជាប់ទឹក ភ្ជាប់ដី ដោយស្ពានមួយខ្សែតម្លៃជិត ៦០លានដុល្លារអាមេរិក
សេដ្ឋកិច្ច November 25, 2020 Khmernote

ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នឹងត្រូវបានភ្ជាប់ទឹក ភ្ជាប់ដី ដោយស្ពានមួយខ្សែតម្លៃជិត ៦០លានដុល្លារអាមេរិក ចូលខ្លួនមកសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋជាពិសេសអ្នករស់នៅក្នុងខេត្តទាំងពីរនេះ។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គឺជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ គម្រោងសាងសង់ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអារម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ពាននេះសម្រេចបាន៩៦,៤ភាគរយ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ខាងមុខ៕

អត្ថបទ៖ លីនី