រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាចំនួន៩០ម៉ឺនដុល្លារ ដើម្បីស្តារអណ្តូងទឹកជាង៤ពាន់អណ្តូង ដែលខូចខាតដោយសារគ្រោះជំនន់ទឹកភ្លៀង ជាប្រយោជន៍ទុកឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី « យុទ្ធសាស្រ្តកែលម្អការខូចខាតដែលប៉ះពាល់ដោយគ្រោះទឹកជំនន់ » នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា អណ្តូងទឹកដែលរងការខូតខាត ក្រសួងមានទិសដៅនិងវិធានការក្នុងការ ជួសជុល និងផ្លុំស្តារអណ្តូង និងស្រះទឹកក៏ដូចជាធ្វើការចុះអប់រំផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពីការប្រើប្រាស់ទឹកស្អាត ឡើងវិញ។ ថវិកាចំនួន៩០ម៉ឺនដុល្លារដើម្បីស្តារអណ្តូងទឹកជាង៤ពាន់អណ្តូងនេះ គឺជាថវិការបស់រដ្ឋ និងមានការចូលរួមពី អង្គការដៃគូនានាផង។
« អណ្តូងទឹកជាង៤ពាន់អណ្តូងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងយកចិត្ត ទុកដាក់ខ្លាំងចំពោះបញ្ហានេះ ដើម្បីរកថវិកាជាតិបូកជាមួយថវិការបស់ដៃគូឬអង្គការ NGO ដែលសហការជាមួយក្រសួង អភិវឌ្ឍន៍ជនបទនេះ ដើម្បីរកលទ្ធភាពក្នុងការដោះស្រាយ ជាមួយគ្នាអង្គការយូនីសេហ្វគឺបានជួយផ្តល់ម្សៅក្លរ មានធុងចម្រោះ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៅតាមតំបន់មួយចំនួន។ ចំពោះការអប់រំបងប្អូនប្រជាពលរដ្ឋឱ្យចេះប្រើប្រាស់ទឹកស្អាតនិងទុកដាក់ទឹកឱ្យបានត្រឹមត្រូវនេះ យើងមិនធ្វើតែពេលមានទឹកជំនន់នេះទេ គឺធ្វើតាំងពីដើមមករហូត។នៅពេលយើងធ្វើអណ្តូងទឹកជូនពួកគាត់ ធ្វើរួចហើយនៅតែបន្តអប់រំរហូតដើម្បីយល់ដឹងអំពីការប្រើប្រាស់ទឹកស្អាតនិងអនាម័យនៅក្នុងភូមិឋានរបស់ពួកគាត់ »។

ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាគ្រោះរាំងស្ងួតនាពេលខាងមុខនេះ ជាពិសេស ចេះរក្សា ប្រភពទឹក ហើយ អាជ្ញាធរខេត្ត បានខិតខំ ជួសជុលនិងស្តារឡើងវិញនូវអណ្តូង និងស្រះទឹក ដើម្បីបំពេញតម្រូវការ ជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា អណ្តូងទឹកដែលរងផលប៉ះពាល់និងខូតខាត ដោយសារ គ្រោះជំនន់ទឹកភ្លៀងចំនួន ៤,១៥៥ អណ្តូង នៅក្នុងខេត្តចំនួន៨ខេត្ត ខេត្តបន្ទាយមានជ័យចំនួន ១,៧៣៥អណ្តូង ,បាត់ដំបងចំនួន ៥១៥អណ្តូង , ពោធិ៍សាត់ចំនួន ៤៨៩អណ្តូង, ប៉ៃលិនចំនួន ៥៧អណ្តូង, សៀមរាបចំនួន ៤២៣អណ្តូង, ព្រះវិហារចំនួន ២៩អណ្តូង ស្វាយរៀងចំនួន ៨៣៧អណ្តូង និងខេត្តកំពង់ចាមចំនួន ៧០អណ្តូង ៕
ប្រភព៖ ក្រសួងព័ត៌មាន


