China Town នឹងលេចវត្តមានជាលើកដំបូងនៅកម្ពុជាក្នុងខេត្តសៀមរាប ក្រោមគម្រោងអភិវឌ្ឍន៍រម្មណីយដ្ឋានដ៏ធំំមួយលើផ្ទៃដី ៧៥ ហិកតា
សេដ្ឋកិច្ច November 19, 2020 Khmernote

China Town ដែលល្បីល្បាញទូទាំងពិភពលោក ហើយមាននៅប្រទេសជាច្រើន នឹងលេចវត្តមាននៅកម្ពុជាជាលើកដំបូងក្នុងខេត្តសៀមរាប ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ណាហ្គា ខប (Naga Corp) នៅក្នុងគម្រោងអភិវឌ្ឍន៍ថ្មីមួយរបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ចំនួន ៣៥០ លានដុល្លារអាមេរិក។ ក្រុមហ៊ុន ​ណាហ្គា ខប (Naga Corp) កាលពីពេលថ្មីៗនេះ​បានប្រកាស​ថា ខ្លួននឹងអភិវឌ្ឍគម្រោងរមណីយដ្ឋានមួយកន្លែងដែលមានឈ្មោះថា « បឹងអង្គរអច្ឆរិយៈ ឬ Angkor Lake of Wonder » ហៅកាត់ថា (ALOW)​ ដោយមិនរាប់បញ្ចូលនូវសេវាកម្មល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តសៀមរាប និងភ្នំពេញ។


(រូបតំណាង)

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន គម្រោងនេះ​នឹងសាងសង់ឡើងលើផ្ទៃដីទំហំ ៧៥ ហិកតា ក្នុងទីតាំងមិនឆ្ងាយមិនប៉ុន្មានពីឧទ្យានអង្គរ ដែលរដ្ឋាភិបាលសម្រេច​ជួល​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ក្នុង​ទឹក​ដីហុងកុងមួយនេះ ក្នុងរយៈពេល ៥០ឆ្នាំ ក្នុងនោះរយៈពេល ១០ឆ្នាំដំបូងមិនគិតថ្លៃជួល ក្រោយមកតម្លៃ​ជួល​គឺគិត ០.៦​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​តម្លៃ​នេះ​នឹង​កើន​ឡើង​ ៥% នៅ​រាល់​៥​ឆ្នាំ​ម្តង។ ជាមួយគ្នានេះគម្រោងអភិវឌ្ឍរមណីយដ្ឋាននេះ នឹង​បង្កើត សណ្ឋាគារ កន្លែង​ជិះ​ក្តារ​លើ​ទឹក សួន​ទឹក​ខ្នាតធំ សួន​ផ្កា​បែបធម្មជាតិ ឧទ្យាន​បែប​វប្បធម៌​ និង​ប្រវត្តិសាស្រ្ត ហើយក៏មានគម្រោងមណ្ឌលកម្សន្តមួយឈ្មោះថា « Siem Reap China Town » ផងដែរ ដោយផ្ទៃដីរួមនឹងមានទំហំធំជាង Disneyland ក្នុងទីក្រុង Los Angeles និងសួនកម្សាន្ត Disney California ទ្វេដង។

មជ្ឈមណ្ដលកម្សាន្ត Siem Reap China Town របស់ក្រុមហ៊ុននេះ ផ្តល់ជូននូវអាហារតាមផ្លូវដ៏សំបូរបែប ហាង តន្រ្តី និងការដើរទិញឥវ៉ាន់ ដែលនឹងត្រូវបានរួមបញ្ចូលជាមួយនឹងសួនច្បារ អមដោយប្រព័ន្ធទឹកស្រស់ស្អាត និងមានដំបូលការពារអាកាសធាតុ ដែលជួយលើកកម្ពស់ខ្យល់ និងពន្លឺធម្មជាតិ។ បើតាមការឲ្យដឹងរបស់ក្រុមហ៊ុនគម្រោងអភិវឌ្ឍរម្មណីយដ្ឋាន « បឹងអង្គរអច្ឆរិយៈ ឬ Angkor Lake of Wonder » នឹងបញ្ចប់ការសាសង់នៅឆ្នាំ ២០២៥ ពោល គឺមុន រឺ ក្នុងពេលដំណាលគ្នានឹង “ ណាហ្គា ៣” នៅភ្នំពេញ។

គួរបញ្ជាក់ផងដែរថា គម្រោងរមណីយដ្ឋានរួមបញ្ចូលគ្នាដែលត្រូវបានអភិវឌ្ឍនៅក្នុងខេត្តសៀមរាបនេះ នឹងបំពេញនូវកង្វះខាតទីតាំងជុំវិញប្រាសាទអង្គរវត្ត និងផ្តល់នូវកន្លែងកម្សាន្ត និងកន្លែងស្នាក់នៅចម្រុះសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាខេត្តសៀមរាប ដោយបង្កើនភាពទាក់ទាញទូទៅនៃប្រាសាទអង្គរវត្ត និងលើកទឹកចិត្តដល់ភ្ញៀវទេសចរឱ្យងាកមកទស្សនា។ ខណៈក្រុមហ៊ុនបានចង្អុលបង្ហាញថា កង្វះខាតកន្លែងកម្សាន្តដែលសាងសង់ដោយក្រុមនៅក្នុងខេត្តសៀមរាបនាពេលកន្លងមក ធ្វើឱ្យមានការលំបាកក្នុងការទាក់ទាញភ្ញៀវទេសចរពីខេត្តសៀមរាបទៅកាន់ណាហ្គាវើល (Naga World) ក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីរមណីយដ្ឋានរួមបញ្ចូលអង្គរត្រូវបានបញ្ចប់គេរំពឹងថា ក្រុមហ៊ុននេះនឹងអនុវត្តយុទ្ធសាស្រ្តមួយចំនួនដើម្បីភ្ជាប់ខេត្តសៀមរាប និងភ្នំពេញដោយផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកទន្លេមេគង្គ៕

អត្ថបទ៖ លីនី
ប្រភព៖ cc-times