អាកាសយានដ្ឋានក្នុងប្រទេសកម្ពុជា ទទួលបានអ្នកដំណើរចំនួន ២,០៩៩,៨១២ នាក់ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះ ៧៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកដំណើរចំនួន ១,២៧១,២៤៥ នាក់ធ្លាក់ចុះ ៧៤% បន្ទាប់មកអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានអ្នកដំណើរចំនួន ៦១៨,៤៥៩ នាក់ធ្លាក់ចុះ ៨១% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ២១០,១០៨ នាក់ធ្លាក់ចុះ ៨៦% ។
សម្រាប់ខែតុលា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកដំណើរចំនួន ៣៧,៩០៨ ធ្លាក់ចុះ ៩២% បើធៀបនឹងឆ្នាំមុនហើយវាក៏ធ្លាក់ចុះ ២៣% សម្រាប់ការដឹកជញ្ជូនទំនិញផងដែរ។ ចំណែកអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានតែ ២០១ នាក់ប៉ុណ្ណោះ រីឯអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុទទួលអ្នកដំណើរបានចំនួន ៦,៥២៧ នាក់ធ្លាក់ចុះ ៩៦% ។

ដូចប្រទេសដទៃទៀតដែរ ការធ្លាក់ចុះនៃអ្នកដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសកម្ពុជា គឺដោយសារតែការធ្លាក់ចុះនៃជំងឺរាតត្បាត Covid-19 ហើយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធកំពុងចាត់វិធានការជាបន្តបន្ទាប់ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។

គួរឱ្យដឹងផងដែរថា កាលពីឆ្នាំ ២០១៩ កម្ពុជាទទួលបានអ្នកដំណើរជាង ១១ លាននាក់មកពីទូទាំងពិភពលោកជាមួយនឹងអត្រាកំណើន ១៣% ៕
ប្រភព៖ ក្រសួងព័ត៌មាន


