រដ្ឋាភិបាលជប៉ុន នឹងគាំទ្រផ្នែកហិរញ្ញវត្ថុដល់អាជីវកម្មទាំងនេះដែលកាត់បន្ថយពេលវេលាធ្វើការរបស់ពួកគេ
សេដ្ឋកិច្ច November 17, 2020 Chan Sreyny

រដ្ឋាភិបាលជប៉ុន នឹងគាំទ្រផ្នែកហិរញ្ញវត្ថុដល់ហាង និងភោជនីយដ្ឋានដែលត្រូវបានស្នើសុំឱ្យកាត់បន្ថយពេលវេលាធ្វើការរបស់ពួកគេ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ។ ការសន្យារបស់លោក Suga បានធ្វើឡើងនៅពេលដែលមន្រ្តីកោះ Hokkaido បានស្នើសុំឱ្យអ្នកស្រុក Sapporo នៅកោះធំបំផុតនៃភាគខាងជើងប្រទេសជប៉ុន ជៀសវាងពីកន្លែងដែលមិនចាំបាច់បន្ទាប់ពីមានករណីឆ្លងជំងឺ Covid-19 ជាច្រើនថ្ងៃនៅក្នុងតំបន់។

ទន្ទឹមនឹងនេះ ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមការងារប្រយុទ្ធប្រឆាំង នឹងជំងឺ Covid-19 របស់រដ្ឋាភិបាលជប៉ុន លោក Suga បានមានប្រសាសន៍ថា រដ្ឋាភិបាលគ្រោងនឹងប្រើប្រាស់ថវិកាចំនួន ៥០ ពាន់លានយ៉េន (៤៨០ លានដុល្លារ) សម្រាប់កម្មវិធីគាំទ្រនេះប្រសិនបើអាជ្ញាធរមូលដ្ឋានយល់ថាចាំបាច់ក្នុងការកាត់បន្ថយម៉ោងធ្វើការ។

យោងតាមមន្រ្តីបានឱ្យដឹងថា ប្រាក់នេះត្រូវបានទុកដោយឡែកសម្រាប់ការបង់ប្រាក់ចន្លោះពី ២០ ម៉ឺនយ៉េន ទៅ ៣០ ម៉ឺនយ៉េន ក្នុងមួយកន្លែងសម្រាប់រយៈពេលមួយខែ។ គួរឱ្យដឹងផងដែរថា កាលពីថ្ងៃច័ន្ទ ទី ១៦ ខែវិច្ឆិកា ជប៉ុនបានបញ្ជាក់ពីករណីឆ្លងជំងឺ Covid-19 ថ្មីចំនួន ៩៤៩ ករណី ដែលបានធ្វើឱ្យចំនួនសរុបកើនដល់ ១២០,២៦៣ នាក់នៅទូទាំងប្រទេស និងអ្នកស្លាប់មានចំនួន ១,៩១៩ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews