រដ្ឋាភិបាលថៃ នឹងគិតពន្ធលើប្រាក់ចំណូលចំពោះអ្នកលក់តាមអ៉ីនធឺណេត influencers, YouTubers និង freelancers
សេដ្ឋកិច្ច November 17, 2020 Khmernote

នាយកដ្ឋានប្រាក់ចំណូលថៃ​មានគោលបំណងទាញបុគ្គលចំនួន ៥០០,០០០នាក់ ចូលទៅក្នុងប្រព័ន្ធពន្ធរួមមានទាំងអ្នកលក់តាមអ៉ីនធឺណេត influencers, YouTubers និង freelancers។ យោងតាមសារព័ត៌មាន Bangkok Post ការពង្រីកពន្ធលើប្រាក់ចំណូលនេះ គឺសំដៅបង្កើតភាពត្រឹមត្រូវនៅក្នុងប្រព័ន្ធពន្ធ ព្រោះ​នៅមាន​មនុស្សជាច្រើនដែលមិនត្រូវ​បានយកពន្ធលើប្រាក់ចំណូល នេះបើយោងតាមប្រសាសន៍របស់អគ្គនាយករងគឺលោក Ekniti Nitithanprapas។ ជាក់ស្ដែងបើតាមការស្ទង់មតិដំបូងដោយនាយកដ្ឋានប្រាក់ចំណូលបានរកឃើញថា មានមនុស្សចំនួន ៦ លាននាក់ដែលត្រូវបានគេដកចេញពីប្រព័ន្ធពន្ធ។ ដូច្នេះហើយនាយកដ្ឋានបានកំណត់គោលដៅដើម្បីរាប់បញ្ចូលមនុស្សប្រមាណ ៥០០,០០០ នាក់នៅក្នុងប្រព័ន្ធពន្ធ។

ទីភ្នាក់ងារនេះគ្រោងនឹងអនុញ្ញាតឱ្យបុគ្គលដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានប្រសិនបើមនុស្សណាម្នាក់ ឬ ប្រតិបត្តិករអាជីវកម្មណាមួយមិនត្រូវបានបង់ពន្ធឱ្យបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះនាយកដ្ឋានក៏នឹងប្រើទិន្នន័យវិភាគ ដើម្បីវិភាគព័ត៌មានដែលមានស្រាប់ និងស៊ើបអង្កេតលើការបង់ពន្ធស្ទួនផងដែរ។ លោក Ekniti បានមានប្រសាសន៍ថា ប្រតិបត្តិករអាជីវកម្មទាំងអស់គួរតែបង់ពន្ធត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា មានប្រជាជនចំនួន ៩.៥៥ លាននាក់នៅក្នុងប្រព័ន្ធពន្ធសម្រាប់ឆ្នាំសារពើពន្ធ២០២០ ដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញាកើនឡើងចំនួន ២៥០,០០០ នាក់ធៀបនឹងឆ្នាំសារពើពន្ធ ២០១៩ ខណៈប្រទេសថៃមានប្រជាជនជិត​ ៧០ លាននាក់។ ក្នុងចំណោមអ្នកបង់ពន្ធចំនួន ៩.៥៥ លាននាក់ មានប្រជាជនចំនួន ៣.៣ លាននាក់ដែលមានប្រាក់ចំណូលប្រចាំខែ ២៥,០០០ បាត (ប្រហែលជាង ៨២៨ ដុល្លារ) ដែលជាកម្រិតអប្បបរមាក្នុងការដាក់ទម្រង់បែបបទពន្ធ ខណៈដែល ៦,២៥ លាននាក់នៅសល់តិចជាងកំរិត។ ហើយសម្រាប់សារពើពន្ធឆ្នាំ ២០២១ នាយកដ្ឋានមានគោលបំណងបង្កើតប្រាក់ចំណូលពន្ធដែលមានតំលៃ ២,០៨៥ ទ្រីលានបាតដោយ ៤០% ពីពន្ធលើតម្លៃបន្ថែម៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost